រាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍គ្រប់មធ្យោបាយ ដើម្បីធានាឱ្យកុមារក្នុងគ្រួសារជនភៀសសឹក ទទួលគុណតម្លៃនៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពពេញលេញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍គ្រប់មធ្យោបាយ ដើម្បីធានាឱ្យកុមារក្នុងគ្រួសារជនភៀសសឹក ទទួលគុណតម្លៃនៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពពេញលេញ។

កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត។
ក្នុងសារលិខិតខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើក កម្ពស់សិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារ ដោយចាត់វិធានការអន្តរាគមន៍គ្រប់មធ្យោបាយ ទ្រទ្រង់ សភាពការណ៍ស្ថិតក្នុងស្ថានការណ៍ដែលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ដើម្បីធានា ឱ្យកុមារ ក្រុមគ្រួសារ ប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាសហគមន៍ទាំងមូល ទទួលបាននូវគុណតម្លៃនៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពពេញលេញ។
សម្តេចបានបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការសង្គ្រោះ បន្ទាន់ដល់កុមារ និងគ្រួសារភៀសសឹក ដើម្បីធានាឱ្យទារក កុមារតូច សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនមានពិការភាព ទទួលបានសុវត្ថិភាព អាហារហូបចុក សេវាសុខភាព និងកុមារអាចបន្ត ការសិក្សារៀនសូត្រ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ៕

ប្រភព៖ ក្រសួងព័ត៌មាន