ក្រុមហ៊ុន RMA Cambodia បានបោះជំហានដ៏ធំមួយទៀតក្នុងវិស័យផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក
ក្រុមហ៊ុន RMA (Cambodia) បានបោះជំហានដ៏ធំមួយទៀតហើយលើវិស័យយានយន្ត នោះគឺការវិនិយោគលើវិស័យផលិតគ្រឿងបង្គុំ នៅក្នុងប្រទេសកម្ពុជា ។

តាមរយៈជំនួបរវាង លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia PLC និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះបានបង្ហាញអោយឃើញថា ក្រុមហ៊ុន RMA Cambodia បានឈានជើងមួយជំហានទៀត ក្នុងការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ដោយការបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងពង្រីកការវិនិយោគផ្សេងៗទៀតរបស់ក្រុមហ៊ុននៅក្នុងទីផ្សារប្រទេសកម្ពុជា។

នេះគឺជាដំណឹងដ៏រីករាយ និងជាមោទនភាពមួយសម្រាប់ប្រជាជាតិកម្ពុជា ដែលរោងចក្រផលិតរថយន្តក្នុងស្រុក មានសមត្ថភាពអាចផលិតគ្រឿងបង្គុំបានដោយផ្ទាល់ ដើម្បីផ្គត់ផ្គង់តម្រូវការនៃទីផ្សារយានយន្តក្នុងស្រុក។ គម្រោងនេះមិនត្រឹមតែចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ និងតម្លៃបន្ថែមយ៉ាងច្រើនលើសលប់ សម្រាប់អតិថិជនបច្ចុប្បន្ន ក៏ដូចជាអតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត Ford នាពេលអនាគតផងដែរ។

តាមរយៈការបោះទុនវិនិយោគបន្ថែមនាពេលថ្មីៗនេះ រោងចក្រផលិតរថយន្ត Ford បានឈានទៅដល់ការបង្កើតខ្សែសង្វាក់ផលិតគ្រឿងបង្គុំដោយផ្ទាល់ ដែលបំពាក់នូវបច្ចេកវិទ្យារ៉ូបូត (Robotic System) ជំនាន់ចុងក្រោយ ដើម្បីជម្រុញសមត្ថភាព និងប្រសិទ្ធភាពផលិតកម្មឱ្យកាន់តែខ្ពស់ជាងមុន។ នេះជាសក្ខីកម្មសបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន RMA Cambodia បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់កម្រិតផលិតកម្ម ដើម្បីធានាថាខ្សែសង្វាក់ផលិតកម្មគ្រឿងបង្គុំក្នុងស្រុកថ្មីនេះ ដំណើរការទៅដោយរលូន និងស្របតាមស្តង់ដារអន្តរជាតិ។

នេះគឺជាការបោះជំហានដ៏វែងឆ្ងាយ និងគិតគូយ៉ាងល្អិតល្អន់របស់ក្រុមហ៊ុន RMA (Cambodia) PLC ក្នុងការដឹកនាំវិស័យយានយន្តកម្ពុជាឆ្ពោះទៅកាន់យុគសម័យថ្មី ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវដំបូងគេបង្អស់ ដែលបានឈានជើងចូលក្នុងកម្រិតផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក។ ដំណឹងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងគំហុករបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពជាតិមួយ ដែលកម្ពុជាមានសមត្ថភាពពេញលេញក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលយានយន្តដែលមានស្តង់ដារសកល និងគុណភាពខ្ពស់បំផុតជូនដល់ទីផ្សារក្នុងស្រុក។

គួបញ្ជាក់ផងដែរថា រោងចក្រផលិតរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) សម្រាប់ដំណាក់កាលនេះ គឺជាដំណាក់កាលទី១ នៃសង្វាក់ផលិតកម្ម ដែលជាដំណាក់កាលស្ថិតក្នុងការដំឡើង ដោយនៅមានកម្រិតនៅក្នុងសង្វាក់ផលិតកម្ម ដែលត្រូវយកគ្រឿងបង្គុំស្រាប់មកដំឡើង ដើម្បីសម្រេចចេញជារថយន្តមួយ ។

បន្ទាប់មកទៀត ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និងធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត Incomplete Knock-Down (IKD-1) ដោយពង្រីកផ្ទៃដីសរុបរហូតដល់ ១២ ហិកតា ដោយជាសង្វាក់ផលិតកម្ម កម្រិត IKD-1 នេះ គឺយើងហៅថា សង្វាក់ផលិតកម្ម “ផលិត”។

គ្រប់សង្វាក់ផលិតកម្មរបស់ Ford ត្រូវបានទទួលស្គាល់ដោយ សមាគមន៍វិស្វករយានយន្តអន្តរជាតិ )Society of Automotive Engineers) របស់សហរដ្ឋអាមេរិក ដែលមានស្ថាប័នចូលរួមដូចជា៖ National Highway Traffic Safety Administration (NHTSA) និង International Organization for Standardization (ISO 3780) របស់សហភាពអីរ៉ុប ទៅលើលេខតួរថយន្ត (VIN) ជាមួយលេខកូដ World Manufacturer Identifier (WMI) ដែលមាន Label ផលិតនៅកម្ពុជា (Made in Cambodia) ។