លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា ដែលបើកផ្លូវឱ្យមានការបញ្ឈប់បុគ្គលិករដ្ឋាភិបាលប្រមាណជា ៨,០០០នាក់
អាមេរិក៖ លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាពិសេសមួយដើម្បីជួយបើកផ្លូវឱ្យងាយស្រួលក្នុងការបញ្ឈប់បុគ្គលិកសហព័ន្ធ ដែលមានប្រាក់ខែខ្ពស់ប្រមាណជា ៨,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមិថុនា។ ចំណាត់ការខាងលើនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងផ្លាស់ប្តូរកម្លាំងពលកម្មក្នុងជួររដ្ឋាភិបាល ហើយវាក៏ជាផ្នែកមួយនៃនយោបាយកាត់បន្ថយការចំណាយមិនចាំបាច់ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ។

ប្រភពខាងលើបានបន្តថា បទបញ្ជាពិសេសដែលត្រូវបានចេញរួមគ្នាដោយសេតវិមាន និងការិយាល័យគ្រប់គ្រងបុគ្គលិក គឺមានខ្លឹមសារដកការការពារចំពោះបុគ្គលិករដ្ឋបាលជាន់ខ្ពស់ ដែលមានប្រាក់ចំណូលចាប់ពី ២០០,០០០ដុល្លារក្នុងមួយឆ្នាំ និងក្រុមបុគ្គលិករដ្ឋាភិបាលទាំងឡាយណា ដែលទំនងជាមានឥទ្ធិពលអវិជ្ជមានចំពោះគោលនយោបាយរបស់រដ្ឋាភិបាល។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងពីតួលេខជាក់លាក់នៃចំនួនបុគ្គលិករដ្ឋាភិបាលដែលស្ថិតនៅក្នុងគម្រោងត្រូវបញ្ឈប់នៅឡើយទេ ហើយពេលវេលាជាក់លាក់នៃការបញ្ឈប់ក៏នៅមិនទាន់ការបញ្ជាក់នៅឡើយដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time