សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រេចរក្សាភាគលាភចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ចុងឃ្នៀស ទោះជា ទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ចុងឃ្នៀស ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

តាមរយៈបណ្តាញសង្គមការងារផ្លូវការ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានលើកឡើងថាក្រោយពីត្រឡប់មកពីប្រជុំនៅសហព័ន្ធរុស្សី សម្ដេច បានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ កាលពីថ្ងៃសៅរ៍ ទី ២០ មិថុនា ២០២៦។
សម្ដេចធិបតីក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាគលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។ ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឱ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ សម្ដេចធិបតី បានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
សម្ដេចធិបតី បានស្នើដល់សហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ៕


ប្រភព៖ ក្រសួងព័ត៌មាន