ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំរុញឱ្យក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន បណ្តាក់ទុនលើវិស័យអាទិភាព សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារដល់ពលរដ្ឋកម្ពុជា

    BY soknita June 30, 2026
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំរុញឱ្យក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន បណ្តាក់ទុនលើវិស័យអាទិភាព សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារដល់ពលរដ្ឋកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ (ម៉ោងក្នុងតំបន់) ក្នុងឱកាសបន្តបំពេញទស្សនកិច្ចការងារ ក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អមដំណើរដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតជូន គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) ដឹកនាំដោយលោក Wang Xiangdong ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

    ថ្លែងនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ការលើកទឹកចិត្ត និងជំរុញបន្ថែមដល់ក្រុមហ៊ុន CCECC ឱ្យបន្តពិនិត្យលទ្ធភាព ក្នុងការពង្រីកឱកាសវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបណ្តាក់ទុនលើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់ សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

    ឆ្លៀតនាពេលនោះ លោកប្រធានក្រុមហ៊ុន CCECC បានជម្រាបជូនដោយសង្ខេបអំពីសាវតា និងសមត្ថភាពឯកទេសរបស់ក្រុមហ៊ុន CCECC ដែលជាសហគ្រាសរដ្ឋខ្នាតធំមួយរបស់ចិន មានជំនាញនិងបទពិសោធន៍ខ្ពស់ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមមាន៖ ការសាងសង់ស្ពាន ផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងតំបន់សួនឧស្សាហកម្មជាដើម។

    ទាក់ទិននឹងការវិនិយោគនៅកម្ពុជា លោក Wang Xiangdong ក៏បានរាយការណ៍ជូនផងដែរ អំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន ដែលក្រុមហ៊ុនកំពុងសហការយ៉ាងសកម្មជាមួយភាគីកម្ពុជា ហើយឈានទៅបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនាពេលខាងមុខ។

    ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន CCECC ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា ភាគីកម្ពុជាកំពុងរង់ចាំពិនិត្យមើលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ដែលនឹងត្រូវដាក់ជូននាពេលខាងមុខ ដើម្បីធ្វើការវាយតម្លៃមុននឹងបន្តជំហានបន្ទាប់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay