ម្ចាស់បទ “កម្មករឆ្លងដែន” លោក សែម សង្វាត ដៃគូលោក បូរ វិចិត្រ ក៏ធ្លាក់ខ្លួនមានជម្ងឺប្រចាំកាយ កំលាំងកាន់តែដុនដាប ផ្ទះក៏ជួលគេនៅ ហើយត្រូវចិញ្ចឹមកូនប្រុសទាំង៣ និង ម្តាយជរា
- June 22, 2019
កាលពីពេលថ្មីៗនេះប្រិយមិត្តច្បាស់ជាជ្រាបនូវព័ត៌មានថា លោក សែម សង្វាត ជាដៃគូជាមួយនឹងលោក បូរ វិចិត្រ និងជាអតីតសមាជិកក្រុម EV BAND បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ដូច្នេះហើយលោក សែម សង្វាត ក៏បានផ្តល់បទសម្ភាសន៍ជាមួយនឹងតារាសម្តែងអ្នកនាង ស៊ិន ឧត្តមផល្លា ជាម្ចាស់ទំព័រ STAR MOVIE RESEARCH ធ្វើការរៀបរាប់នូវទុក្ខវេទនារបស់លោកដែលត្រូវចិញ្ចឹមកូនប្រុស៣រូប ព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត។
លោក សែម សង្វាត គឺជាម្ចាស់បទ “កម្មករឆ្លងដែន” ជាបទចម្រៀងដ៏ពេញនិយម និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងទសវត្សរ៍ ៩០-២០០០ ។ បន្ទាប់មកលោកក៏បានលាឈប់ពីសិល្បៈក្នុងឆ្នាំ២០០៤ ដើម្បីសាងក្រុមគ្រួសារ និងខំប្រឹងរកស៊ី ក្នុងនាមជាមេគ្រួសារ លោកបាននិយាយថា តាំងពីដើមឡើយមក លោកពិតជាខំប្រឹងប្រែងធ្វើការមិនដែលហ៊ានខ្ជះខ្ជាយ ប៉ុន្តែក្នុងការប្រកបមុខរបររកស៊ី លោកក៏តែងតែជួបបញ្ហាមិនជោគជ័យ ថែមទាំងសុខភាពរបស់លោកមិនអំណោយផល តាំងពីចូលសិល្បៈដំបូង លោកមានជំងឺ អាលែកហ្ស៊ីច្រមុះ និងក្រោយៗមកទៀត លោកចេះតែមានជំងឺជាបន្តបន្ទាប់ ដូចជា ក្រពះ ពោះវៀន រាំរ៉ៃ និងថ្លើមប្រភេទ B ក៏ដូចជា លំពែងធ្លាក់មួយចំហៀង លោកតែងប្រើថ្នាំពេទ្យជាប្រចាំ ក្នុងពេលហ្នឹងលោកក៏បែកបាក់គ្នាជាមួយភរិយាលោកផងដែរ។
សព្វថ្ងៃនេះ លោក សែម សង្វាត ទទួលភារកិច្ចចិញ្ចឹម កូនប្រុសទាំងអស់បីនាក់ ម្តាយចាស់ជរាម្នាក់ និងបងស្រីរបស់លោកម្នាក់ទៀត។ លោកបានពោលថាដោយសារតែសុខភាពរបស់លោកកាន់តែទ្រុឌទ្រោម ប្រាក់ខែដែលបានមកពីការធ្វើការ ក៏ប្រើប្រាស់សឹងតែមិនគ្រប់ ព្រោះលោកនៅផ្ទះជួលគេ ក៏ដូចជាទិញថ្នាំពេទ្យ ថ្លៃចំណាយលើការរៀនសូត្ររបស់កូនៗ និងចិញ្ចឹមម្តាយជរានិងបងស្រី។ លោកបន្តទៀតថាពេលខ្លះលោកគ្មានប្រាក់ដើម្បីទៅមន្ទីរពេទ្យទេលោកតែងខ្ចីគេជួនកាលមិនទាន់មានប្រាក់សងគេវិញផង ក៏សុំខ្ចីបន្ថែមទៀត រហូតគេអន់ចិត្តលែងអោយខ្ចី ។
ក្នុងពេលនេះផងដែរ លោក សែម សង្វាត បានរ៉ាយរ៉ាប់គួរឲ្យអាសូរថា លោកប្រហែលជាទៅមុខលែងរួចហើយ ព្រោះកំលាំងលោកកាន់តែដុនដាបនិងអស់ខ្យល់ហើយ ពេលខ្លះលោកងើបមិនរួចពីគ្រែ លោកបារម្ភថា ខ្លាចថ្ងៃណាមួយ លោកស្លាប់បាត់បង់ជីវិត ផ្ទះក៏គ្មាន នៅផ្ទះជួលគេ តើកូនប្រុសទាំងបីរបស់លោកនឹងទៅជាយ៉ាងណា? ថែមទាំងម្តាយក៏ចាស់ជរានិងមានជំងឺប្រចាំកាយទៀតផង រួមទាំងបងស្រីរបស់លោកម្នាក់ទៀតក៏មានវ័យច្រើនហើយដែរ។ ពេលនេះលោក សែម សង្វាត បានដាច់ចិត្តពោលថា លោកសុំអោយបងប្អូន អាណិតសូមជួយដល់រូបលោកផង ជាពិសេសលោកសំណូមពរ ខាងសមាគមសិល្បៈសូមជួយដល់គាត់ផង នេះជាលេខទូរស័ព្ទរបស់លោក (០១១ ៦៦៣ ០០៨)៕











ប្រភព៖ ស៊ិន ឧត្តមផល្លា (ផេក Movie Star Research)
ដោយ៖ ណារ៉ែន
- Share This Post:






