សិល្បៈ

ចន ច័ន្ទលក្ខិណា នឹងដឹកនាំសិល្បករសិល្បការិនីដទៃទៀត រៀបចំពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ដើម្បីឧទ្ទិសបុណ្យកុសលជូនជនរងគ្រោះដែលស្លាប់ក្នុងសោកនាដកម្មបាក់រលំអគារនៅកំពង់សោម

BY
Khmernote Media
June 25, 2019

ករណីបាក់ស្រុតអគារនៅខេត្តព្រះសីហនុបានធ្វើឲ្យមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសភ័យតក់ស្លុតក្រៀមក្រំចិត្តជាខ្លាំង។ ដោយគ្រោះថ្នាក់មួយនេះបានឆក់យកជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ ដែលប្រកបរបរធ្វើការកម្មករសំណង់ ដើម្បីចិញ្ចឹមជីវិត។ ក្នុងនោះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានចូលរួមសម្តែងការសោកស្តាយ ព្រមទាំងបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុផ្ទាល់ផងដែរ។

យ៉ាងណាមិញអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បករ ក៏បានបង្ហោះសាររំលែកទុក្ខ និងបានប្រកាសថានៅថ្ងៃទី២៧ ខែមិថុនា អ្នកនាងព្រមទាំងសិល្បករសិល្បការិនី នឹងរៀបចំពិធីបុណ្យគំរប់ ៧ ថ្ងៃដើម្បីឧទ្ទិសបុណ្យកុសលជូនវិញ្ញាក្ខន្ធជនរងគ្រោះដែលទទួលមរណភាពដោយសារតែបាក់រលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ។

ដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសយ៉ាងដូច្នេះថា៖ “«ថ្ងៃទី២៧ ខាងមុខនេះ ប្អូនស្រី សូ ដានីតា ប្អូនប្រុស តាន់ គឹមសួរ និង នាងខ្ញុំព្រមទាំងបងប្អូនសិល្បៈមួយចំនួន នឹងរៀបចំពិធីបុណ្យគំរប់ ៧ ថ្ងៃចំពោះ វិញ្ញាណក្ខន្ធបងប្អូនជនរងគ្រោះដែលបានទទួលមរណៈភាពក្នុងសោកនាដកម្មបាក់រលំអាគារនៅក្រុង ព្រះសីហនុ ។ ទីតាំង នាងខ្ញុំនឹងបញ្ជាក់ជូននៅពេលក្រោយ សម្លៀកបំពាក់ : អាវស សំពត់ស។ បញ្ជាក់៖ ឆ្នាំនេះខ្ញុំអត់អាចចូលរួមពិធីបុណ្យសព ឬ បុណ្យ ៧ ថ្ងៃ ឬ ១០០ថ្ងៃបានទេ តែលើកនេះគឺមិនអាចតមបានឡើយ»។

គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ម្សិលមិញ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមសង្គ្រោះជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់៕

Share This Post: