អំបិលហិម៉ាល័យ ពណ៌ផ្កាឈូក ថ្លៃខ្ពស់ខ្លាំង ហើយក៏ជួយសុខភាពជាងអំបិលធម្មតាឆ្ងាយ
អំបិល ត្បិតតែមានរសជាតិប្រៃ ដែលមនុស្សជាទូទៅមិនសូវចូលចិត្ត តែក៏មិនអាចអត់បាននោះទេ សម្រាប់ដាំស្លរប្រចាំថ្ងៃ។ ធម្មតា យើងប្រើអំបិល ដែលប្រមូលពីក្រាមអំបិល ក្រោយទឹកសមុទ្រ ហួតអស់ពីវាលស្រែអំបិល។ តែមានអំបិលមួយប្រភេទទៀត គេហៅថា អំបិលហិម៉ាល័យពណ៌ផ្កាឈូក ជារូបធាតុកម្រ មាននៅក្បែរប្រជុំកូនភ្នំហិម៉ាល័យ ក្នុងតំបន់ Punjab របស់ប៉ាគីស្ថាន មានតម្លៃខ្ពស់ ហើយជឿថា ល្អសម្រាប់សុខភាព។
អំបិលហិម៉ាល័យពណ៌ផ្កាឈូក មានរូបមន្តគីមី ស្រដៀងនឹងអំបិលធម្មតា ដែលប្រើសម្រាប់ដាំស្លរដែរ ដោយមានសូដ្យូមក្លរ៉ាយ (Sodium Chloride) រហូតដល់ ៩៨%។ ក្រៅពីនេះ វាផ្ទុកដោយសារធាតុរ៉ែ មានដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម ដែលធ្វើឲ្យអំបិល មានពណ៌ផ្កាឈូក។
និយាយពីផលប្រយោជន៍ចំពោះសុខភាពវិញ អំបិលហិម៉ាល័យពណ៌ផ្កាឈូក មានសារធាតុរ៉ែ ចំនួន ៨៤ប្រភេទ ល្អសម្រាប់សុខភាព។ អំបិលកម្រនេះ មានកម្រិតសូដ្យូមទាប និងគ្រាប់ធំជាងអំបិលធម្មតា ដែលធ្វើឲ្យមនុស្សប្រើអំបិលតិចជាងមុនក្នុងអាហារ។ ជាងនេះទៅទៀត ការប្រើអំបិលប្រភេទនេះ ក្នុងអាហារ ឬភេសជ្ជៈ ជួយរក្សាតុល្យភាពសារធាតុរាវក្នុងរាងកាយ និងបង្ការការខ្សោះជាតិទឹក។
និយាយពីតម្លៃវិញ តាមគេហទំព័រ Business Insider អំបិលហិម៉ាល័យពណ៌ផ្កាឈូក ថ្លៃ ពី ៥-៨ដុល្លារ /១០០ក្រាម ឬប្រមាណ ពី ៥០-៨០ដុល្លារ/គីឡូក្រាម។ ដូច្នេះ បើប្រៀបធៀបនឹងតម្លៃអំបិលធម្មតា ដែលប្រើប្រាស់ក្នុងប្រទេសយើង ថ្លៃប្រមាណ ១.០០០រៀល/គីឡូក្រាម នោះ គឺខុសគ្នាប្រមាណ ២០០ដង។

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ