ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    BREAKING NEWS! ទីបំផុតលោក ត្រាំ បើកផ្លូវឱ្យ Huawei រកស៊ីជាមួយអាមេរិកវិញហើយ

    BY autoadmin June 29, 2019
    BREAKING NEWS! ទីបំផុតលោក ត្រាំ បើកផ្លូវឱ្យ Huawei រកស៊ីជាមួយអាមេរិកវិញហើយ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីង សម្រេចផ្អាកសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នៅឯកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុន។ ហើយដូចដែលយើងសង្ស័យផងដែរថា ក្រុមហ៊ុន Huawei ត្រូវបានគេប្រើជាកូនអុកនៅក្នុងកិច្ចចរចានេះ។ Bloomberg បានរាយការណ៍ថា សហរដ្ឋអាមេរិកទទួលបានលក្ខខណ្ឌអំណោយផលលើកិច្ចព្រមព្រៀងមួយ ដែលតម្រូវឱ្យប្រទេសចិនទិញបរិមាណផលិតផលកសិកម្ម «ដ៏ច្រើន» ពីអាមេរិក នេះបើយោងតាមសម្ដីរបស់លោក ត្រាំ ជាអ្នកអះអាង។

    ដើម្បីជាការឆ្លើយតប ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា៖ «ក្រុមហ៊ុនអាមេរិកអាចលក់ឧបករណ៍របស់ខ្លួនទៅឱ្យក្រុមហ៊ុន Huawei បាន។ យើងកំពុងសំដៅអំពីឧបករណ៍ដែលមិនមានបញ្ហាសន្តិសុខជាតិ»។

    ប្រសិនបើសេចក្តីថ្លែងការណ៍នេះ និងបទឈប់បាញ់នោះពិតជារឹងមាំមែននោះ វានឹងអាស្រ័យលើក្រុមហ៊ុននានាដូចជា៖ Google, ARM Holdings, Qualcomm និងអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Huawei ដទៃទៀតនៅសហរដ្ឋអាមេរិក ឬប្រើបច្ចេកវិទ្យាអាមេរិក ដើម្បីសម្រេចថា នឹងចាប់ផ្តើមអាជីវកម្មជាមួយក្រុមហ៊ុនចិនសារជាថ្មី ឬយ៉ាងណា។

    វាក៏ហាក់ដូចជាការហាមឃាត់ត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែការពិតវាទើបតែមានរយៈពេល ៦សប្តាហ៍ ចាប់តាំងពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅរបស់ខ្លួន និងរារាំងក្រុមហ៊ុនមិនឱ្យចូលប្រើសង្វាក់ផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនដូចជា Google ក៏បានប្រកាសថា ពួកគេបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei ដោយសារការហាមឃាត់នេះ។ ដោយកំពុងតែគិតថា ក្រុមហ៊ុន Huawei បានចំណាយត្រឹមតែ ១១ ពាន់លានដុល្លារលើការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន យើងអាចនឹងប៉ាន់ស្មានបានថា ក្រុមហ៊ុនទាំងនេះកំពុងបារម្មណ៍រឿងចាប់ផ្តើមដឹករកស៊ីជាមួយក្រុមហ៊ុន Huawei ម្តងទៀត៕

    អត្ថបទ៖ លីដា

    Share This Post: