ថៃគ្រោងពង្រីកសេវាអ៊ីធឺណិតទូរស័ព្ទដៃឲ្យពេញផ្ទៃប្រទេស ទោះនៅកន្លុកកន្លៀតណាក៏សេវាអ៊ីធឺណិតដើរលឿនដែរ
- July 4, 2019
រដ្ឋាភិបាលថៃគ្រោងនឹងតភ្ជាប់បណ្តាញអ៊ីនធឺណិតទៅកាន់តំបន់ដាច់ស្រយាលមួយចំនួន ដើម្បីឲ្យប្រទេសមួយនេះមានសេវាអ៊ីនធឺណិតគ្រប់ទីកន្លែងទូទាំងប្រទេសតែម្តង។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃបានបញ្ជាក់ថា សំណើសុំអនុវត្តគម្រោងខាងលើនេះ ត្រូវបានអនុម័តជាផ្លូវការដោយរដ្ឋសភាថៃកាលពីម្សិលមិញនេះ។ ក្នុងគម្រោងបានបង្ហាញថា មានតំបន់ដាច់ស្រយាលចំនួន ២៥,០០០ កន្លែង ដែលនៅមិនទាន់មានសេវាអ៊ីនធឺណិតនៅឡើយទេ ហើយតំបន់ទាំងអស់នោះភាគច្រើនជាតំបន់នៅតាមបន្ទាត់ព្រំដែន។
យោងតាមលោក Chaowalit Limmaneevichitr រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃបានអះអាងថា ការតភ្ជាប់សេវាអ៊ីនធឺណិតទៅកាន់តំបន់ដាច់ស្រយាលទាំង ២៥,០០០ កន្លែង គឺជាបេសកម្មអទិភាពមួយ ដែលរដ្ឋាភិបាលត្រូវតែសម្រេចឲ្យបាននៅក្នុងឆ្នាំនេះ។ ហើយរហូតមកទល់នឹងពេលនេះរដ្ឋាភិបាលថៃបានជួប និងពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតឯកជនមួយចំនួនរួចហើយ ជុំវិញការអនុវត្តបេសកម្មតភ្ជាប់អ៊ីនធឺណិតទៅកាន់តំបន់ដាច់ស្រយាលនេះ។ បើគ្មានអ្វីជាឧបសគ្គទេ យ៉ាងយូរចុងឆ្នាំនេះថៃនឹងមានសេវាអ៊ីនធឺណិតល្បឿនលឿនពេញផ្ទៃប្រទេសហើយ៕

អត្ថបទ៖ ភក្តី
- Share This Post:






