មិនចង់កើតក្រួសក្នុងតម្រងនោម គួរយល់របៀបបង្ការទាំងនេះ
ក្រួសក្នុងតម្រងនោម បង្កឡើងដោយសារធាតុគីមីជាច្រើន ដែលប្រមូលផ្ដុំគ្នា ហើយក្លាយជាដុំក្រួសតូចៗ ស្ថិតនៅក្នុងតម្រងនោម ដោយវាបណ្ដាលឲ្យមនុស្សឈឺចាប់មិនអាចទ្រាំបាននោះទេ។ ដុំក្រួសភាគច្រើន បង្កឡើងដោយកាល់ស្យូម រួមផ្សំគ្នាជាមួយសារធាតុផ្សេងទៀត ដូចជា អុកស៊ីឡាត (Oxalate) និងផូស្វ័រ ហើយក៏អាចបង្កឡើងដោយអាស៊ីដក្នុងទឹកនោមដែរ។
ក្រួសក្នុងសាច់ ក្នុងខ្លួនឈឺពិបាកទ្រាំប៉ុណ្ណា? ត្រូវហើយ អត់មានអ្នកណាចង់ឈឺ ឬចង់កើតទេ តែយ៉ាងណា គួរយល់ពីរបៀបការពារ និងបង្ការក្រួសក្នុងតម្រងនោម។ គួរធ្វើយ៉ាងម៉េច?
១. ផឹកទឹកឲ្យច្រើន
ផឹកទឹកច្រើន ជួយបន្ថយសារធាតុក្នុងទឹកនោម ដែលបង្កទៅជាដុំក្រួស។ អ្នកជំនាញ ណែនាំឲ្យផឹកទឹក លើស ២លីត្រ/ថ្ងៃ។ ក្រៅពីទឹក ទឹកក្រូច ឬទឹកក្រូចឆ្មា ក៏ជួយរារាំង ការកើតមានដុំក្រួសក្នុងតម្រងនោមដែរ។
២. ញ៉ាំកាល់ស្យូមចាំបាច់
អាហារមានជាតិកាល់ស្យូមច្រើនពេក បង្កឲ្យកម្រិតសារធាតុអុកស៊ីឡាតកើនឡើង និងបណ្ដាលឲ្យកើតក្រួសក្នុងតម្រងនោម។ ដើម្បីបង្ការបញ្ហានេះ យើងចាំបាច់ញ៉ាំកាល់ស្យូម ស្របតាមអាយុ។ បុរសវ័យ ៥០ឆ្នាំ និងចាស់ជាងនេះ គួរញ៉ាំកាល់ស្យូម ១.០០០មីល្លីក្រាម/ថ្ងៃ រួមជាមួយវីតាមីន D ដើម្បីជួយឲ្យរាងកាយ ស្រូបកាល់ស្យូម។
៣. បន្ថយសារធាតុសូដ្យូម
របបអាហារមានសូដ្យូមខ្ពស់ អាចបង្កឲ្យមានដុំក្រួសក្នុងតម្រងនោម ដោយសារវាបង្កើនបរិមាណកាល់ស្យូមក្នុងទឹកនោម។ តាមគោលការណ៍ណែនាំបច្ចុប្បន្ន កំណត់ឲ្យញ៉ាំសូដ្យូម ២.៣០០មីល្លីក្រាម/ថ្ងៃ ហើយបើអាចបន្ថយដល់ ១.៥០០មីល្លីក្រាម គឺកាន់តែល្អ វាជួយដល់សម្ពាធឈាម និងបេះដូង។
៤. កម្រិតការញ៉ាំប្រូតេអ៊ីនសត្វ
ការញ៉ាំប្រូតេអ៊ីនសត្វច្រើនពេក ដូចជាសាច់ក្រហម សាច់មាន់ ស៊ុត និងអាហារសមុទ្រ បង្កើនកម្រិតអាស៊ីដក្នុងទឹកនោម និងបង្កទៅជាក្រួសក្នុងតម្រងនោម។ អាហារមានប្រូតេអ៊ីនខ្ពស់ ក៏កាត់បន្ថយកម្រិតសារធាតុ Citrate ជាសារធាតុគីមី ជួយបង្ការដុំក្រួស មិនឲ្យកកើត។
៥. ចៀសវាងអាហារបង្កក្រួសក្នុងតំរងនោម
សូកូឡា ស្ពៃពុយឡេង តែ និងដំណាប់សម្បូរជាតិអុកស៊ីឡាត និងអាហារសម្បូរជាតិផូស្វ័រ សុទ្ធតែអាចបង្កឲ្យកើតមានក្រួសក្នុងតម្រងនោម ដូច្នេះយើងគួរចៀសវាងប្រភេទអាហារសម្បូរសារធាតុទាំងនេះ។ បើយើង ឈឺតំរងនោម វេជ្ជបណ្ឌិតនឹងណែនាំឲ្យចៀសវាងប្រភេទអាហារទាំងនេះ ឬញ៉ាំក្នុងបរិមាណតិចតួចដែលអនុញ្ញាត។
តាមពិតទៅ អាហារ និងភេសជ្ជៈ ទំនងមិនបង្កក្រួសក្នុងតម្រងនោមទេ លើកលែងតែយើងញ៉ាំក្នុងបរិមាណច្រើនខ្លាំង។ ការសិក្សា រកឃើញថា បុរសផឹកថ្នាំគ្រាប់វីតាមីន C ដូសខ្លាំង ប្រឈមខ្ពស់នឹងការកើតក្រួសក្នុងតម្រងនោម ដោយសាររាងកាយ បំលែងវីតាមីន C ទៅជាអុកស៊ីឡាត។

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ