សុខភាព

រឹបអូសថ្នាំសម្រកទម្ងន់ជាង ១លានគ្រាប់ ក្រោយស្ត្រីម្នាក់លេបហើយស្លាប់

BY
Khmernote Media
July 8, 2019

យើងដឹងហើយថា ថ្នាំ​ជាអាវុធ​មុខពីរ អាច​ជួយ​ព្យាបាល ហើយក៏អាច​បង្ក​គ្រោះថ្នាក់​ផងដែរ ជា​ពិសេស​ថ្នាំ​ពុំមាន​ការ​អនុញ្ញាត ឬ​ទទួលស្គាល់​ស្របតាម​ស្ដង់ដារ​សុវត្ថិភាព​របស់​អាជ្ញាធរ។ នៅថៃ ក្រោយ​ស្រ្តីម្នាក់​ស្លាប់ ដោយសារ​លេបថ្នាំ​សម្រក​ទម្ងន់ ដែល​ទិញតាម​អនឡាញ អាជ្ញាធរ​ចម្រុះ បាន​ចុះ​ទៅរឹប​អូស​ថ្នាំនេះ ជាង ១​លាន​គ្រាប់ដល់កន្លែងស្តុក។

​ស្នងការ​ប៉ូលិសខេត្ត kalasin បញ្ជាក់​ថា ប្រតិបត្តិការនេះ ធ្វើឡើង​នៅ​ផ្ទះ​មួយ​កន្លែង ក្នុង​ស្រុក Na Mon កាលពី​ថ្ងៃទី៦ ខែ​កក្កដា ២០១៩ ដោយ​រឹបអូស​ថ្នាំ ជាង ១​លាន​គ្រាប់ និង​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ម្នាក់។ លោក​បន្ដថា អាជ្ញាធរ​ក៏​បាន​រកឃើញ​ម្សៅ​សម្រាប់​ផលិតថ្នាំ មាន​សារធាតុ Sibutramine ដែល​ជាសារធាតុ​ហាមឃាត់​ដោយ​អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​ថៃ។ ម្សៅនេះ នាំចូលពី​​​ចិន។

ការ​បើកប្រតិបត្តិការនេះ គឺក្រោយ​ស្ត្រី​វ័យ ៣០​ឆ្នាំ​ម្នាក់ នៅ​ស្រុក Ang Thong បាន​ស្លាប់ បន្ទាប់​លេបថ្នាំ​សម្រក​ទម្ងន់ ដែល​នាង​ទិញ​តាម​អនឡាញ។

ម្ចាស់ក្រុមហ៊ុន​ផលិតថ្នាំ អ្នកស្រី Wasapassorn Sulamnart ត្រូវចោទ​លើ​ករណី​ផលិត និង​លក់​ថ្នាំ​ដោយ​គ្មាន​ការអនុញ្ញាត រួមជាមួយ​ករណី​ផលិត និង​លក់​ថ្នាំបំប៉ន​ក្លែងក្លាយ។ អ្នកស្រី​សារភាព​ថា ថ្នាំដែល​រឺបអូស ពុំមាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​នោះទេ ប៉ុន្ដែ​អ្នកស្រី​អះអាង​ថា មាន​មន្ត្រីជាន់ខ្ពស់​ម្នាក់ ​បាន​ផ្គត់ផ្គង់​ម្សៅ​ផលិត​ថ្នាំ ដោយ ១​ខែ អ្នកស្រី ត្រូវ​ចាយ​លុយ​ជាង ២​ម៉ឺន​ដុល្លារ ឲ្យ​មន្ត្រី​រូបនោះ ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ឥវ៉ាន់។

គួរបញ្ជាក់​ថា ការលក់ថ្នាំសម្រក​ទម្ងន់​គ្មាន​ការអនុញ្ញាត ក្លាយជា​ហានិភ័យ​សុខភាព នៅ​ប្រទេស​ថៃ នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ដោយសារ​ការលក់​តាម​អនឡាញ ផ្ដល់​ការ​ពិបាក​ដល់​ប៉ូលិស​ក្នុង​ការ​ត្រួតពិនិត្យ។ ដោយឡែក ក្រៅពី​សារធាតុ​គីមី​ហាមឃាត់ Sibutramine ដែល​អាជ្ញាធរ​រកឃើញ​ក្នុង​ថ្នាំ​សម្រក​ទម្ងន់ នៅ​មាន​សារធាតុ​គីមី Lorcaserin មួយ​ទៀត ដែល​អាជ្ញាធរអះអាង​ថា ក៏បង្កគ្រោះថ្នាក់​ដែរ ប៉ុន្ដែ​ពុំទាន់​មាន​ការហាមឃាត់​នៅឡើយទេ។​

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ

Share This Post: