បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?
ចំពោះម៉ាក់ប៉ាដែលមានកូនកើតអូទីស្សឹម ពិតជាមានការព្រួយបារម្ភ និងចង់ដឹងពីមន្ទីរពេទ្យព្យាបាល ក៏ដូចជាកន្លែងផ្ដល់ប្រឹក្សាខ្លះៗ ដើម្បីឲ្យយើងជាអាណាព្យាបាលកាន់តែច្បាស់ពីបញ្ហានេះថែមទៀត។
បើតាមលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក នៅមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា សម្រាប់ប្រទេសកម្ពុជាមានមន្ទីរពេទ្យតិចណាស់ដែលទទួលព្យាបាល និងផ្ដល់ការប្រឹក្សាដល់ម៉ាក់ប៉ាបាន។ ដោយក្នុងនោះលោកបន្តថា មានមន្ទីរពេទ្យតែ ២ ប៉ុណ្ណោះក្នុងប្រទេសកម្ពុជា ទី១ គឺមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅ មានទទួលព្យាបាលជំងឺនេះយូរឆ្នាំមកហើយ ដោយមានក្រុមគ្រូពេទ្យឯកទេសតែម្ដង និងទី២ មន្ទីរពេទ្យកុមារជាតិ ទើបតែរៀបចំក្រុមគ្រូពេទ្យទទួលក្មេងកើតអូទីស្សឹម ក្នុងឆ្នាំ ២០១៩ នេះ។
ក្រៅពីមន្ទីរពេទ្យទាំង ២ ដែលទទួលព្យាបាល នៅតាមសាលាឯកជនមួយចំនួនក៏មានទទួលមើលថែក្មេងកើតអូទីស្សឹមនេះដែរ គ្រាន់តែការចំណាយថ្លៃជាងការមើលថែក្មេងធម្មតា ព្រោះត្រូវមើលថែជាពិសេស និងទ្វេដង ដោយសារតែក្មេងមានបញ្ហានេះ ពិបាកក្នុងការប្រាស្រ័យទាក់ទង មិនចង់នៅក្បែរនរណានោះទេ។

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ