សូមប្រុងប្រយ័ត្នអ្នកប្រើទូរស័ព្ទ Android ទាំងអស់ ប្រយ័ត្នឆ្លងមេរោគជំរិតទារប្រាក់មួយនេះចូលទូរស័ព្ទដៃ
- July 9, 2019
WannaLocker ជាប្រភេទមេរោគជំរិតទារប្រាក់ ដែលស្រដៀងនឹងមេរោគ WannaCry ដែលបានវាយលុកពិភពលោកអំឡុងខែឧសភា ឆ្នាំ២០១៧។ លើសពីនេះទៀត WannaLocker បានបន្ថែមនូវមុខងារមួយចំនួនដូចជា មុខងារបញ្ជាទូរស័ព្ទជនរងគ្រោះពីចង្ងាយ (Remote Administration Tool – RAT) និងមុខងារលួចព័ត៌មានហិរញ្ញវត្ថុ (Banking Trojan)។ បច្ចុប្បន្នមេរោគនេះកំពុងផ្តោតគោលដៅវាយប្រហារ លើបណ្តាអ្នកប្រើប្រាស់ទូរស័ព្ទ ដែលមានប្រព័ន្ធប្រតិបត្តិការ Android ក្នុងប្រទេសចិន តាមរយៈ plugin របស់ហ្គេមដែលកំពុងពេញនិយម (King of Glory) ក្នុងប្រទេសមួយនេះ។
បន្ទាប់ពីឆ្លងមេរោគ WannaLocker ទូរស័ព្ទរងគ្រោះនឹងប្តូររូបភាពជារូបតុក្កតា ចំនែកឯកសារក្នុង External Storage នឹងត្រូវជាប់លេខសម្ងាត់ និងលេចឡើងផ្ទាំងផ្តល់ព័ត៌មានដើម្បីបង់ប្រាក់ដោះលេខសម្ងាត់ឯកសារទាំងនោះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអាចការពារទូរស័ព្ទដៃរបស់អ្នកពីមេរោគ ឬការបាត់បង់ឯកសារ៖
១) ត្រូវមានការប្រុងប្រយ័ត្ននៅពេលទាញយកកម្មវិធីផ្សេងៗ ជាពិសេសពីប្រភពមិនច្បាស់លាស់
២) តំឡេីងកម្មវិធីការពារមេរោគក្នុងទូរស័ព្ទ
៣) ធ្វេីការ Backup ឯកសារសំខាន់ៗ
៤) ធ្វេីបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរស័ព្ទជាប្រចាំ។

ប្រភព៖ Department of IT, Ministry of Interior, Cambodia
- Share This Post:






