សុខភាព

ភ្លាត់អីៗដោយអត់ការពារ ថ្នាំ ៧២ ម៉ោងជួយបាន តែប្រើញឹកប៉ះពាល់ធ្ងន់ធ្ងរ

BY
Khmernote Media
July 9, 2019

ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង​នោះ ជា​ជម្រើស​ល្អ​បំផុត​ចំពោះ​ស្រីៗ​ដែល​ភ្លាត់​រួមភេទ​ដោយ​អត់​បាន​ការពារ ដើម្បី​បង្ការ​ការ​ផ្ទៃពោះ។ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ ត្បិត​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​មែន ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​ស្រីៗ​យើង​ប្រើ​ច្រើន​ដង ឬ​ជា​ប្រចាំ​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬថ្នាំ ៧២ ម៉ោង បង្ការ​កុំ​ឲ្យ​មេជីវិត​ឈ្មោល​ជួប​ជាមួយ​ពង​មេជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បានការពារ។ ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​តែ​រយៈ​ពេល ៣ ថ្ងៃ (៧២ម៉ោង) បន្ទាប់​ពី​រួមភេទ​រួច​ប៉ុណ្ណោះ។

នៅ​ពេល​លេប​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង ស្រីៗ​យើង​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺក្បាល វិលមុខ ឈឺសុដន់​ជាដើម។

ដោយ​ហេតុ​ថា លក្ខណៈ​ពិសេស​របស់​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​មាន​ផ្ទុក​នូវ​សារធាតុ​អ័រម៉ូន​ខ្ពស់​ជាង​ថ្នាំ​ពន្យារ​កំណើត​ដទៃ​ទៀត ដូច្នេះ​ពុំ​អនុញ្ញាត​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​នេះ​ច្រើន​ដង​ពេក​ទេ ប្រើ​ត្រឹម ១ដង ឬ​២ ដង​ប៉ុណ្ណោះ។ ចំពោះ​ផល​ប៉ះពាល់​វិញ លោក​វេជ្ជបណ្ឌិត​ថា កាលណា​យើង​ប្រើ​ថ្នាំ​នេះ​ជា​ប្រចាំ​អាច​ធ្វើ​ឲ្យ​អ័ម៉ូន​ប្រែប្រួល រដូវ​មក​មិន​ទៀង ឯ​ករណី​ធ្ងន់ធ្ងរ​វិញ ឈាន​ដល់​កា​រធ្លាក់​ឈាម​នៅ​ចន្លោះ​រដូវ។

ដើម្បី​បង្ការ​ការ​មាន​ផ្ទៃពោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្រី​គ្នា​យើង​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេងៗ​ទៀត ដូច​ជា​ប្រើ​ស្រោម​អនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កង​ដាក់​ស្រោម​ស្បែក កង​ដាក់​ក្នុង​ស្បូន​ជា​ដើម។

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ

Share This Post: