ត្រឹម២ខែប៉ុណ្ណោះ អ្នកកើតគ្រុនឈាមមានជាង១ម៉ឺននាក់ ស្លាប់ជាង២០នាក់
ត្រឹមតែរយៈពេល ២ ខែប៉ុណ្ណោះ គឺចាប់តាំងពីដើមខែ ឧសភា រហូតមកដល់ដើមខែ កក្កដា ឆ្នាំ ២០១៩ នេះ មានករណីកើតជំងឺគ្រុនឈាមចំនួន ១ម៉ឺន៥ពាន់នាក់ និងស្លាប់ចំនួន ២៥នាក់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ស្ថានភាពជំងឺគ្រុនឈាម។
ទោះបីជាមានការកើនឡើងនូវចំនួនអ្នកកើតជំងឺគ្រុនឈាម និងស្លាប់ដោយសារជំងឺគ្រុនឈាមក្តី តែក្រសួងបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមនៅប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបាន។ តែទោះជាបែបនេះក្តី ក្រសួងសុខាភិបាលនៅតែទទូចឲ្យប្រជាពលរដ្ឋ អាជ្ញាធរបន្តការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ដោយការបំបាត់ជម្រកមូសខ្លា និងគេងក្នុងមុង។
ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅពេទ្យរដ្ឋដែលនៅជិតបំផុត មិនឲ្យយឺតជាង ៧២ ម៉ោងបន្ទាប់ពីក្តៅខ្លួន។
ចំណុចដែលគួរចៀសវាងនោះ គឺកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដាន និងព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពព្យាបាលជំងឺគ្រុនឈាមឲ្យសោះ។

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ