វៀតណាមគ្មានជម្រើស ក្រៅពីបាញ់ថ្នាំបង្ការជំងឺប៉េស្តជ្រូកឲ្យជាប់
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ វៀតណាម មកទល់ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតែមានក្នុងប្រទេសវៀតណាម បង្កក្តីបារម្ភខ្លាំង ធ្វើឲ្យរដ្ឋាភិបាលប្រទេសនេះ គ្មានជម្រើសអ្វី ក្រៅតែពីការបាញ់ថ្នាំជីវម៉ាស ការពារជំងឺនេះ កុំឲ្យរាលដាលបន្តទៀត។
តាមសារព័ត៌មាន Vietnam News រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ វៀតណាម Nguyễn Xuân Cường បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្នុងសន្និសីទស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយបង្គាប់ឲ្យមន្រ្តី និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ បាញ់ថ្នាំជីវម៉ាស ឲ្យបានខ្ជាប់ខ្ជួន នៅគ្រប់ទីកន្លែងមានចិញ្ចឹមសត្វជ្រូក។ លោកថា ការអនុវត្តបែបនេះ ជាជម្រើសដ៏មានប្រសិទ្ធិភាពបំផុត រហូតដល់ជំងឺខាងលើនេះស្ងប់ទៅវិញ។
ស្របតាមការលើកឡើងរបស់រដ្ឋមន្ត្រីខាងលើនេះ គិតមកត្រឹមពេលនេះ ស្ទើរគ្រប់ទីកន្លែងចិញ្ចឹមសត្វជ្រូក ក្នុងប្រទេសវៀតណាម ត្រូវក្រុមជំនាញពិសេសផ្នែកពីក្រសួងកសិកម្មវៀតណាម ចេញប្រតិបត្តិការបាញ់ថ្នាំការពារ ក៏ដូចជាសម្អាតគ្រប់ច្រកល្ហកនៃកន្លែងចិញ្ចឹមជ្រូក រួមទាំងកន្លែងសម្លាប់ជ្រូកយកសាច់ជាដើម។
ផ្អែកតាម នាយកដ្ឋានសុខភាពសត្វវៀតណាម គិតចាប់ពីថ្ងៃរាតត្បាតនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក តាំងពីខែកុម្ភៈ ដល់ថ្ងៃទី០៨ កក្កដា ២០១៩នេះ វៀតណាមបានសម្លាប់ជ្រូកអស់ ៣,៣ លានក្បាលរួមមកហើយ ក្នុងប្រតិបត្តិការបង្ការ កុំឲ្យរាតត្បាតជំងឺនេះធ្ងន់ធ្ងរបន្តទៀត។
ស្របពេលជាមួយគ្នានេះ បណ្តាប្រទេសមួយចំនួនមានព្រំដែនជាប់រៀតណាម ដូចជា ឡាវ និងកម្ពុជា ក៏កំពុងរងគ្រោះដោយការរាតត្បាតជំងឺប៉េស្តជ្រូកអាហ្វ្រិកដូចគ្នា ខណៈក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ បើទោះជាជំងឺសត្វមួយនេះ មិនឆ្លងទៅមនុស្សក៏ដោយ ប៉ុន្តែរាល់ការចម្អិនសាច់ជ្រូក ត្រូវចម្អិនឲ្យបានឆ្អិនល្អ ព្រោះមេរោគអាចធន់ក្នុងផលិតផលសត្វជ្រូក និងបរិយាកាសខាងក្រៅ បានដល់ទៅ ១ ពាន់ថ្ងៃឯណោះ។

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ