Huawei ក្រឡាស់សំដីវិញថា Hongmeng OS មិនមែនបង្កើតមកសម្រាប់ប្រើជាមួយ smartphone ជំនួស Android នោះទេ
- July 20, 2019
កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិនគឺក្រុមហ៊ុន Huawei បានអភិវឌ្ឍន៍នូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយរបស់ខ្លួនគឺប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS។ គេនៅចាំបានថា Hongmeng OS ត្រូវបានអភិវឌ្ឍន៍ឡើងក្រោយពេលដែលក្រុមហ៊ុន Google របស់អាមេរិក បានសម្រេចហាមឃាត់មិនឲ្យទូរស័ព្ទ Huawei គ្រប់ម៉ូដែលអាចប្រើប្រាស់បាននូវប្រព័ន្ធប្រតិបត្តិការណ៍ Android។ ទិដ្ឋភាពនេះត្រូវបានគេមើលឃើញថា Huawei បានអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS ដើម្បីប្រើប្រាស់ជំនួសប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ក្រុមហ៊ុន Google។ យ៉ាងណាក្តី ស្រាប់តែពេលនេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ក្រុមហ៊ុនបង្កើតប្រតិបត្តិការណ៍ Hongmeng OS ឡើងមិនមែនសម្រាប់ប្រើជំនួសប្រព័ន្ធប្រតិបត្តិការណ៍ Android នោះទេ។
បើយោងតាមលោកស្រី Catherine Chen ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បានអះអាងថា ប្រតិបត្តិការណ៍ Hongmeng OS ត្រូវបានបង្កើតឡើងសម្រាប់ធ្វើអាជីវកម្ម និងសម្រាប់ភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងៗនៅក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ តែមិនមែនសម្រាប់ជំនួសប្រតិបត្តិការណ៍ Android នោះទេ។ ក្នុងន័យនេះក្រុមហ៊ុនចង់បញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ទូរស័ព្ទ Huawei នៅតែអាចបន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android បានជាធម្មតា៕

អត្ថបទ៖ ភក្តី
- Share This Post:







