ម៉ាក់ៗនិយមវះកាត់សម្រាលកូនយកថ្ងៃហុងស៊ុយ ប្រយ័ត្នជួបស៊យ
សម្រាប់អ្នកមានជំនឿលើថ្ងៃខែ ឆ្នាំ ច្រើនតែជ្រើសរើសថ្ងៃកើតឲ្យកូនចៅ ទាំងមិនទាន់ដល់ពេលវេលា អាចជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗបាន។ នេះបើយោងតាមសម្ដីរបស់លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារកនៅមន្ទីរពេទ្យកុមារជាតិ ប្រាប់មកកាន់ Hello គ្រូពេទ្យ។
លោកបន្តថា ការសម្រេចចិត្តយកថ្ងៃល្អ ដើម្បីឲ្យទារកឃើញពន្លឺព្រះអាទិត្យ គឺធ្វើឡើងដោយការវះកាត់ ហើយការយកថ្ងៃល្អ ដើម្បីហុងស៊ុយនោះ អាចក្លាយជារឿងស៊យបាន ប្រសិនបើម៉ាក់ៗដែលត្រៀមសម្រាលនៅមិនទាន់គ្រប់ខែ និងថ្ងៃល្អ។ ម្ចាស់បន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញរូបនេះ ក៏បន្តទៀតថា ចំពោះទារកអាចមានបញ្ហាមុខងារបេះដូង បញ្ហាផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ និងសុខភាពសរសៃឈាមបេះដូងទៀតផង។
ចំណែកម្ដាយវិញក៏មានបញ្ហាច្រើនយ៉ាងដែរ ដូចជាពេលខ្លះម៉ាក់ៗវះមិនទាន់មានទឹកដោះចេញ ឬបើចេញហើយក៏ពិបាកបំបៅព្រោះមានការឈឺចាប់មុខរបួស ហើយសរីរាង្គក្នុងពោះដែលនៅក្បែរស្បូន ដូចជា ពោះវៀន ផ្លូវបញ្ចេញទឹកនោម សរសៃឈាមតូចៗ អាចប្រឈមមុខនឹងត្រូវប៉ះទង្គិច ឬរបួស ដំបៅ ជាំ ឬរលាក តែករណីអស់ទាំងនោះ ស្ថិតនៅក្នុងរឿងដ៏កម្របំផុត ហើយរឿងដ៏សំខាន់មួយទៀត ស្រ្តីដែលសម្រាលកូនដោយវះកាត់ គឺពិបាកក្នុងការនោមភ្លាមៗ ដោយមានការដាក់សុងទឹកនោម រហូតទាល់តែ១ថ្ងៃក្រោយ ទើបអាចដកចេញបាន។
រឿងសំខាន់មួយទៀតសម្រាប់ស្រ្តីសម្រាលកូនដោយវះកាត់ គឺអាចហូរឈាមច្រើនខុសប្រក្រតី ឆ្លងរោគ របួសថ្នេរមិនជាប់ល្អ ដែលករណីខ្លះអាចប៉ះពាល់ដល់អាយុជីវិត។ ក្រោយពេលអស់ជាតិថ្នាំស្ពឹក ២-៣ ថ្ងៃ បន្ទាប់ពីសម្រាលម៉ាក់ៗមានអាការៈឈឺចាប់មុខរបួស ហើយអាចមានអាការៈឈឺក្បាល ឬឆ្អឹងខ្នងទៀតផង។
បើនិយាយពីបញ្ហាក្រោយវះកាត់វិញ គឺមានស្លាកស្នាម នៅកន្លែងក្រោមផ្ចិត ធ្វើឲ្យម៉ាក់ៗមានអារម្មណ៍មិនមានទំនុកចិត្តលើខ្លួនឯង ហើយពេលមានកូនលើកក្រោយម៉ាក់ៗភាគច្រើនគឺជ្រើសរើសវិធីសម្រាលដោយវះកាត់ដដែល បើទោះជាឱកាសកើតតាមធម្មជាតិអាចទៅរួចក៏ដោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ