iPhone ស៊េរីក្រោយៗអាចនឹងមានពាក្យថា “Made in Vietnam” ដោយសារសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក
- July 31, 2019
យោងតាមការរាយការណ៍របស់លោក Raymond Zhong នៅលើកាសែត New York Times បានឱ្យដឹងថា បើនិយាយរឿងចំណេញវិញ! គ្មានប្រទេសណាមួយនៅលើផែនដីនេះ បានទទួលអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក ច្រើនជាងប្រទេសវៀតណាមនោះទេ។ ជាក់ស្ដែងរោងចក្រ និងផលិតកម្មជាច្រើនបានរើចេញពីប្រទេសចិន និងចូលមកដាក់ទុននៅក្នុងប្រទេសវៀតណាមវិញ។ មូលហេតុគឺដោយសារពួកគេមិនចង់ប្រឈមជាមួយសម្ពាធពន្ធរបស់អាមេរិក ដែលតម្រូវឱ្យមានការដំឡើងពន្ធលើផលិតផលដែលផលិតនៅក្នុងប្រទេសចិន។
បើសង្កេតមើលទៅយើងឃើញថា ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗកាន់តែច្រើន កំពុងតែសម្លឹងរកមើលប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ ដោយហេតុផលនេះវាបានលើកស្ទួយដល់មហិច្ឆតារបស់ប្រទេសវៀតណាម ឱ្យក្លាយខ្លួនជាប្រទេសដែលជាមូលដ្ឋានក្រុមហ៊ុនផលិតស្មាតហ្វូន និងឧបករណ៍ទំនើបផ្សេងទៀត។ យោងតាមសារព័ត៌មាន New York Times ក្រុមហ៊ុន Samsung បានបិទរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួនមួយនៅក្នុងប្រទេសចិន។ ហើយសព្វថ្ងៃនេះវៀតណាមជាអ្នកដំឡើងទូរស័ព្ទប្រហែលពាក់កណ្តាល នៃទូរស័ព្ទដែល Samsung លក់នៅទូទាំងពិភពលោក។

ចំណែកក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងតំឡើងដ៏សំខាន់របស់ក្រុមហ៊ុន Apple ក៏ធ្លាប់មានព័ត៌មានថា ពួកគេកំពុងពិចារណាពីការដាក់រោងចក្ររបស់ខ្លួននៅវៀតណាមផងដែរ ហើយពួកគេក៏បានជួលដីមួយកន្លែងទុករួចរាល់ហើយដែរ។ ហើយក្រុមហ៊ុន Apple ផ្ទាល់ក៏កំពុងដាក់ធ្វើតេស្តកាស AirPods ដែលខ្លួនកំពុងផលិតសាកល្បងនៅលើទឹកដីវៀតណាមផងដែរ។ សូម្បីតែក្រុមហ៊ុនសម្ភារកីឡាដូចជា Nike និង Adidas ក៏ផលិតផលរបស់ពួកគេពាក់កណ្ដាលផលិតនៅក្នុងប្រទេសវៀតណាមដែរ។
នយោបាយវៀតណាមបានផ្តោតសំខាន់លើអ្នកវិនិយោគបរទេស ហើយខណៈដែលវៀតណាមទើបតែមានការលើកលែងពន្ធពីសហភាពអឺរ៉ុបផងនោះ បានធ្វើឱ្យប្រទេសមួយនេះកាន់តែក្លាយជាទីតាំងដែលអ្នកវិនិយោគចង់ចូលរួម។ រដ្ឋាភិបាលវៀតណាមក៏កំពុងតែបើកដៃឱ្យអ្នកវិនិយោគធំៗ ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ដូច្នេះហើយនៅថ្ងៃអនាគតវៀតណាមអាចនឹងក្លាយជាមូលដ្ឋានដំឡើងស្មាតហ្វូនធំៗក្រៅពី Samsung ៕


អត្ថបទ៖ លីដា
- Share This Post:






