បច្ចេកវិទ្យា

PENTAGON កំពុងសាកល្បងបង្ហោះបាឡុងស៊ើប​ការណ៍ ដែលអាចតាមដានពីកម្ពស់ ៦៥,០០០ ហ្វីត នៅទូទាំងសហរដ្ឋអាមេរិក

BY
autoadmin
August 3, 2019

យោធាសហរដ្ឋអាមេរិក PENTAGON កំពុងធ្វើតេស្តការឃ្លាំមើលនៅក្នុងទម្រង់ថ្មីមួយ ដោយប្រើបាឡុងស៊ើបការណ៍យ៉ាងទំនើបបំផុត។ បាឡុងស៊ើបការណ៍នេះត្រូវបានគេឱ្យដឹងថា អាចតាមដានសកម្មភាពយានយន្តពីចម្ងាយ ៦៥,០០០ ហ្វីត (ប្រហែល២០គីឡូម៉ែត្រ) ទាំងយប់ទាំងថ្ងៃទៀតផង។ ការបង្ហោះបាឡុងនោះត្រូវបានគេមើលឃើញដំបូងចេញពីរដ្ឋ South Dakota តាមរយៈក្រុមហ៊ុន Sierra Nevada Corporation ដែលជាអ្នកម៉ៅការ ជួលដោយរដ្ឋាភិបាលអាមេរិក។

បើយោងតាមរបាយការណ៍បាន​ឱ្យដឹងថា គោលបំណងនៃការបង្ហោះនេះ គឺដើម្បីស៊ើបការណ៍ប្រព័ន្ធសុវត្ថិភាព កំណត់ទីតាំង និងទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការគំរាមកំហែងសន្តិសុខជាតិ។ ក្រុមហ៊ុន Sierra Nevada Corporation កំពុងធ្វើការក្នុងនាមជួសឱ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្តបាឡុងនេះ។ ហើយបញ្ជាការដ្ឋានសហរដ្ឋអាមេរិកខាងត្បូង (Southcom) ក៏បានអនុញ្ញាតលើការធ្វើតេស្តនេះផងដែរ។ បាឡុងស៊ើបការណ៍នេះគ្រោងនឹងចាប់ផ្តើមហោះហើរនៅភាគខាងត្បូងរដ្ឋ Dakota និងបញ្ចប់នៅរដ្ឋ Illinois ភាគកណ្តាល។

បាឡុងស៊ើបការណ៍នេះស្ដាប់មើលទៅដូចជាចម្លែក ប៉ុន្តែវាត្រូវបានបំពាក់ដោយឧបករណ៍ «synthetic-aperture radar» ដែលជារ៉ាដាសំយោគពីទីខ្ពស់ ដោយក្រុមហ៊ុន Artemis Networks ដែលជាក្រុមហ៊ុនផលិតឧបករណ៍រ៉ាដាឥតខ្សែ។ ការបំពាក់ឧបករណ៍រ៉ាដាសំយោគ SAR អ្នកប្រើប្រាស់អាចទាញយករូបភាពពីអាកាសយ៉ាងច្បាស់តាមរយៈជីពចរ (radio pulse) ដែលជាភាពងាយស្រួលមួយកម្រិតទៀតដល់ការតាមដាន។ យ៉ាងណាក៏ដោយទាំងក្រសួងការពារជាតិអាមេរិក និងសាជីវកម្ម Sierra Nevada Corporation មិនបានធ្វើការអត្ថាធិប្បាយបន្ថែមអ្វីនោះទេ៕

អត្ថបទ៖ លីដា

Share This Post: