ប្រយ័ត្ន! នៅថៃ ស៊ីលីកូនពង្រីកដើមទ្រូង អាចបង្កមហារីក
ប៉ុន្មានឆ្នាំចុងក្រោយ ការពង្រីកដើមទ្រូងដោយវះកាត់បញ្ចូលស៊ីលីកូន ហាក់មានការកើនឡើងខ្លាំង នៅប្រទេសថៃ ហើយក៏មានខ្មែរយើងខ្លះ ទៅទទួលសេវាកម្មនេះ នៅទីនោះដែរ។ តែសូមប្រុងប្រយ័ត្ន ព្រោះម្សិលមិញ ថៃបានប្រកាសប្រមូលស៊ីលីកូនពង្រីកដើមទ្រូងហើយ ដោយសារវាពាក់ព័ន្ធជំងឺមហារីក។
ការប្រកាសប្រមូលស៊ីលីកូនពង្រីកដើមទ្រូង ធ្វើឡើងដោយរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ក្រោយក្រុមហ៊ុនផ្គត់ផ្គង់នៅអាមេរិក រាយការណ៍ថា វាពាក់ព័ន្ធនឹងជំងឺមហារីកកម្រ Non-Hodgkin’s Lymphoma Cancer។ ជំងឺមហារីកកម្រ បានកើតលើអ្នកជំងឺ ប្រមាណ ៨០០នាក់ ដែលប្រើស៊ីលីកូនពង្រីកដើមទ្រូង នៅទូទាំងពិភពលោក ហើយអ្នកកើតជំងឺមហារីកនេះ ក៏មាននៅក្នុងប្រទេសថៃផងដែរ។
ចាប់តាំងពីឆ្នាំ ២០១១ មក ស៊ីលីកូនពង្រីកដើមទ្រូង ២៩.០០០គ្រាប់ ត្រូវផ្គត់ផ្គង់ទៅកាន់ប្រទេសថៃ ហើយស៊ីលីកូន ១៤.០០០គ្រាប់ ត្រូវបានប្រើប្រាស់។ ជាមួយគ្នានេះ FDA ប្រកាសថា អ្នកដែលបានវះកាត់បញ្ចូលស៊ីលីកូន ហើយមានអាការៈហើម ឬសុដន់ខុសទ្រង់ទ្រាយ គួរទៅជួបពេទ្យជាបន្ទាន់។ FDA ក៏បានណែនាំឲ្យកុំមានការភ័យស្លន់ស្លោរ ដោយសារហានិភ័យនៃការកើតមហារីកកម្រនេះ មានអត្រាទាប។
ផលិតស៊ីលីកូនពង្រីកដើមទ្រូងខាងលើ ស្ថិតក្រោមម៉ាក Natrelle ផលិតដោយក្រុមហ៊ុន Allergan Costa Rica SRL នៅក្នុងប្រទេសកូស្ដារីកា ហើយក្រុមហ៊ុនធំរបស់វា គឺ Allergan Co មានស្នាក់ការនៅអាមេរិក។ ការប្រកាសប្រមូលផលិតស៊ីលីកូនវិញនេះ រួមមាន Natrelle ប្រភេទ ST-410 MF, 120, ST-410 MM និង 110។
សាស្ត្រាចារ្យ Apirak Chuangsuwanit ប្រធានសមាគមគ្រូពេទ្យវះកាត់កែប្រែ និងប្លាស្ទិក នៅប្រទេសថៃ បញ្ជាក់ថា មូលហេតុនៃការបង្កមហារីក ដោយសារស៊ីលីកូនពង្រីកដើមទ្រូង គឺមិនទាន់ដឹងច្បាស់នៅឡើយទេ តែមានអត្រាទាបនៃការកើតមហារីក ត្រូវរកឃើញថា ពាក់ព័ន្ធជាមួយនឹងស៊ីលីកូននេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ