ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុន APPLE នឹងផ្ដល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក ដល់ HACKER ណាដែលអាចបំបែកប្រព័ន្ធសន្តិសុខរបស់ខ្លួន

    BY autoadmin August 12, 2019
    ក្រុមហ៊ុន APPLE នឹងផ្ដល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក ដល់ HACKER ណាដែលអាចបំបែកប្រព័ន្ធសន្តិសុខរបស់ខ្លួន

    ក្រុមហ៊ុន Apple នឹងផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក ដល់ហេគឃឺរ (Hacker) ដែលអាចបំបាក់ប្រព័ន្ធការពារសន្តិសុខរបស់ក្រុមហ៊ុន ដោយការបញ្ជាពីចម្ងាយ (remote) ចូលទៅក្នុងស្មាតហ្វូន iPhone ។ ការពិតទៅកម្មវិធីនេះមានឈ្មោះថា «Bug bounty program» ដែលកាលពីមុន វានឹងផ្ដល់រង្វាន់ជូន Hacker រហូតដល់ ២០០,០០០ដុល្លារអាមេរិក ប្រសិនបើពួកគេអាចបំបែកវាបាន ប៉ុន្តែលើកនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនឹងបន្ថែមប្រាករង្វាន់រហូតដល់ ១លានដុល្លារអាមេរិក តែម្ដង។ នេះបើយោងតាមលោក Ivan Krstić ប្រធានផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Apple បានប្រកាសនៅក្នុងសន្និសិទសុវត្ថិភាពបច្ចេកវិទ្យា Black Hat នៅឯ Las Vegas កាលពីថ្ងៃព្រហស្បតិ៍។

    ដោយសារមានការរំលោភលើសន្តិសុខកាន់តែខ្លាំងឡើង នាយកប្រតិបត្តិ Apple លោក Tim Cook បានហៅភាពឯកជននេះថា ជា «សិទ្ធិមនុស្ស» និងបានបញ្ជាក់យ៉ាងច្បាស់ថា Apple ពិតជាយកចិត្តទុកដាក់ក្នុងការមិនប្រមូលព័ត៌មានផ្ទាល់ខ្លួន និងរក្សាអតិថិជនរបស់ខ្លួនចំនួន ២ពាន់លាននាក់ នៅជុំវិញពិភពលោកឱ្យមានសុវត្ថិភាពពីពួក Hacker ។ លោក Tim Cook បាននិយាយថា៖ «នេះមិនមែនជាអ្វីដែលយើងទើបតែបានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលដែលយើងបានឃើញនូវអ្វីដែលកើតឡើងនោះទេ យើងបានធ្វើវាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។

    គួរឱ្យដឹងផងដែរថា កាលពីខែមុនហេគឃឺរបានចូលមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកកាន់ប័ណ្ណឥណទាន ឬអ្នកដាក់ពាក្យស្នើសុំប័ណ្ណឥណទាននៅសហរដ្ឋអាមេរិក និងកាណាដា រហូតដល់ ១០៦លាននាក់ នៅក្នុងការរំលោភទិន្នន័យដ៏ធំចុងក្រោយបង្អស់នៅក្រុមហ៊ុនធំមួយនេះ។ ក្រុមហ៊ុន Apple មិនមែនជាក្រុមហ៊ុនតែមួយ ដែលនឹងផ្តល់រង្វាន់ដល់ពួក Hacker ទេ សូម្បីក្រុមហ៊ុន Google ដែលជាគូប្រជែងរបស់ខ្លួន ក៏បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់ចំនួន ៣០,០០០ដុល្លារ ដល់នរណាម្នាក់ ដែលអាចរកឃើញកំហុសនៅក្នុងកម្មវិធីរុករក Chrome របស់ខ្លួនផងដែរ កាលពីខែកក្កដា៕

    អត្ថបទ៖ លីដា

    Share This Post: