ខ្មែរណូត

ស្វែងរក

  • សុខភាព

    ស្រីៗកូនដំបូង! ជិតគ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច?

    BY Khmernote Media August 12, 2019
    ស្រីៗកូនដំបូង! ជិតគ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច?

    ជា​ទូទៅ ក្នុង​ត្រីមាស​ទី៣ នៃ​​អាយុគភ៌ ទារក​នៅ​ក្នុង​ផ្ទៃនឹង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទីតាំង​ដោយ​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​ត្រៀម​កើត​តាម​ធម្មជាតិ។ មាន​ករណី​ខ្លះ ដល់​ពេល​ជិត​កើត​ហើយ បេប៊ី​នៅ​តែ​មិន​ទាន់​បង្វិល​ក្បាល​ចុះ​ក្រោម ដែល​ភាគ​ច្រើន​គេ​ហៅ​​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស ដែលធ្វើឲ្យ​ដំណើរ​ការ​សម្រាល​​លំបាក​ខ្លាំង និង​អាច​មាន​គ្រោះថ្នាក់​។

    ប្រមាណ​ជា ២៥% នៃ​ទារក​ដែល​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស​បែប​នេះ នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​ដោយ​ឯកឯង ​ពេល​ជិត​ដល់​ថ្ងៃ​កើត។ ដោយ​ឡែក ៧៥%ទៀត​ នឹង​ត្រូវ​កើត​ទាំង​បញ្ច្រាសបែប​នេះ ដោយ​មាន​ជំនួយ​ពី​គ្រូ​ពេទ្យ​ជំនាញ ឬអាច​នឹង​ត្រូវ​វះកាត់ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ផ្សេង​ៗ។

    ១- កូនស្ថិតនៅទីតាំងបញ្ច្រាសមាន៣ប្រភេទ៖

    – បញ្ច្រាស​ធម្មតា (​ប្រមាណ ៥០,៧០%)៖ គូទ​របស់​ទារក ​សំយុង​ចុះ​មក​មាត់​ស្បូន ហើយ​ជើង​បែរ​ឡើង​លើ​ទៅ​រក​ក្បាល។

    – បញ្ច្រាស​ជើង (ប្រមាណ ១០,៣០%)៖ ជើង​ម្ខាង ឬទាំង​សង​ខាង​របស់​ទារក​ សំយុង​ចុះ​មក​មាត់​ស្បូន។

    – បញ្ច្រាស​ទាំងស្រុង (​ប្រមាណ ៥-១០%)៖ គូទ​របស់​ទារក​ សំយុង​ចុះមក​មាត់​ស្បូន ហើយជើង​ទាំង​ពីរ​របស់​ទារក​បត់​ផ្អោប​ជាប់​ខ្លួន​ដោយ​មិន​តម្រង់​មក​ខាង​ក្រោម។

    ២- កត្តាធ្វើឲ្យកូនស្ថិតនៅទីតាំងបញ្ច្រាស

    – សុក​ពាំងមាត់​ស្បូន
    – កូន​កើត​មុន​ខែ
    – កូន​ភ្លោះ ឬច្រើន
    – បរិមាណ​ទឹក​ភ្លោះ​តិច​ពេក ឬ​ច្រើន​ជ្រុល
    – សុខភាព​ស្បូន​ខ្សោយ
    – សុខភាព​ទារក​ខ្សោយ
    – ស្បូន​យារ (​បង្កើត​កូន​ច្រើន លើស​ពី ៥ ដង)។

    ៣- វិធីសាស្ត្របង្វិលទីតាំងទារកក្នុងផ្ទៃ

    មិន​មែន​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស សុទ្ធ​តែ​ត្រូវ​វះកាត់​ ពេល​កើត​នោះ​ទេ។ គ្រូ​ពេទ្យ ឬ​ឆ្មប មាន​បច្ចេកទេស​​ជួយ​បង្វិល​ទារក​ឲ្យ​មក​កាន់​ទីតាំង​ត្រឹមត្រូវ​វិញ​បាន ​បើ​បេប៊ី​ស្ថិត​នៅ​ក្នុង​សប្ដាហ៍​ទី ៣២-៣៧ នៅ​ឡើយ។ វិធីសាស្ត្រ​​ដែល​គេ​និយម​ប្រើ គឺ៖​

    – ​បង្វិល​កូន​ពី​ខាង​ក្រៅ ៖ ដំបូង ម្ដាយ​ត្រូវ​លេប​ថ្នាំ​ជំនួយ​ស្បូន​សិន។ បន្ទាប់​មក​ ពេទ្យ​នឹង​​បង្វិល​ទីតាំង​ទារក​ពី​ខាង​ក្រៅ ​ដោយ​ប្រើ​ដៃ​រុញ។ ការ​បង្វិល​កូន​ពី​ខាង​ក្រៅ ​ជា​វិធីសាស្ត្រ​មួយ​ដែល​​ជោគជ័យ​ច្រើន​លើ​ស្រីៗពពោះ​ដំបូង និង​​ថ្ងៃ​កំណត់​កើត​នៅ​យូរ។ ប៉ុន្តែ​ ​វិធី​សាស្ត្រនេះ មិន​អាច​ប្រើបាន​ចំពោះ​ស្រីៗ​មាន​ទឹក​ភ្លោះ​តិច ឬ​ស្រីៗ​មាន​កូន​ភ្លោះ​ឡើយ។

    – Webster Breech Technique៖ ជា​វិធីសាស្រ្ត​ដែល​គេធ្វើ ពេល​គភ៌​អាយុ​បាន ​៨ ខែ ដែល​តិចនិក​នេះ​ធ្វើឲ្យ​សរីរាង្គ​ក្នុង​អាងត្រគាក​ធូរដូចជា ​ស្បូន និង​សរសៃពួរ ធ្វើដោយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សាច់ដុំ និងឆ្អឹង។

    – ការព្យាបាលតាមបែបធម្មជាតិ ៖ ស្រីៗ​មាន​ផ្ទៃពោះ អាច​ប្រើ​វិធី​ចាក់​ម្ជុល​វិទ្យាសាស្រ្ត ឬ​បន្ធូរ​អារម្មណ៍ ដូចជា ការសណ្តំ ប៉ុន្តែ​តាម​បែបវេជ្ជសាស្រ្ត វិធី​បែប​នេះ​មិនទាន់​ត្រូវ​គេ​អះអាង​ថា​មាន​ប្រសិទ្ធភាព​នៅ​ឡើយទេ។

    ក្នុង​ករណី​ប្រើ​គ្រប់​វិធីហើយ កូន​នៅ​មិន​បង្វិល​ក្បាល​ទៀត ពេទ្យ​នឹង​ណែនាំ​ការ​សម្រាល​ដោយ​វះកាត់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay