លេចលឺថា Samsung ទទួលបានប៉ាតង់ថ្មី សម្រាប់ផលិតស្មាតហ្វូនអាចបត់បានដល់ទៅ២តង់
- August 16, 2019
បរទេស: ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីរបស់កូរ៉េខាងត្បូងគឺក្រុមហ៊ុន Samsung គិតមកដល់ខែសីហានេះនៅតែមិនទាន់ដាក់បង្ហាញ Galaxy Fold ដែលខ្លួនបានសន្យាថានឹងប្រកាសតាំងតែពីដើមឆ្នាំនោះនៅឡើយទេ។ Galaxy Fold ជាប្រភេទទូរស័ព្ទស្ថិតក្នុងបដិវត្តថ្មីមួយទៀតនៃទូរសព័្ទឆ្លាតវ័យ ដោយសារតែរូបរាងរបស់វាដែលអាចបត់បានមិនធ្លាប់មានពីមុន។ វាត្រូវបានអតិថិជនជាច្រើនទន្ទឹងរងចាំការដាក់លក់ជាផ្លូវការតាំងតែពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះទូរស័ព្ទ ដែលមានតម្លៃប្រមាណជា២,០០០ដុល្លារប្រភេទនេះនៅតែត្រូវបានក្រុមហ៊ុនពន្យាពេលរហូតមក។
ទោះបីជាយ៉ាងណាក្តី Samsung ក្នុងពេលចុងក្រោយនេះត្រូវបានគេដឹងថា ទើបតែទទួលបានប៉ាតង់ថ្មីមួយពីអាជ្ញាធររបស់កូរ៉េខាងត្បូងក្នុងការបង្កើតទូរសព័្ទគំរូថ្មីមួយទៀត ដែលអាចបត់បានទៅដល់២តង់ ឬមានឈ្មោះ Z-Fold ដែលពាក្យថា Z ចង់ន័យថា អាចបត់បាន២តង់ចេញទៅរាងអក្សរ Z។
ប្រភពព័ត៌មាននបរទេសបានឲ្យដឹងថា ទំហំរបស់ Galaxy Z-Fold ដែលត្រូវបានរចនាឡើង គឺអាចស្មើទៅ៣ដងនៃទូរស័ព្ទ Samsung ធម្មតា ដែលក្រុមហ៊ុនសង្ឃឹមថា ទំហំវាសាកសងសម្រាប់អ្នកមានទំនោរក្នុងការប្រើប្រាស់ទូរស័ព្ទផង tabletផង និងកំព្យូទ័រតូចមួយផងដែរក្នុងពេលដំណាលគ្នា៕


អត្ថបទ៖ Lee
- Share This Post:






