បច្ចេកវិទ្យា

ក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិនចំនួន៣ចាប់ដៃគ្នាបង្កើតបច្ចេកវិទ្យាផ្ទេរឯកសារថ្មីមួយស្រដៀងនឹង AirDrop

BY
Khmernote Media
August 19, 2019

យោងតាមសារព័ត៌មាន The Verge ចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែសីហា នេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតរបស់ប្រទេសចិនទាំងបីកំពុងធ្វើការងាររួមគ្នាលើប្រព័ន្ធផ្ទេរឯកសារដោយគ្មានខ្សែមួយ ដែលនឹងអាចដំណើរការរវាងឧបករណ៍ និងទូរស័ព្ទទាំងឡាយរបស់ក្រុមហ៊ុន Xiaomi, Oppo និង Vivo។

ការប្រកាសជាផ្លូវការនេះត្រូវបានធ្វើឡើងតាមរយៈគណនេយ្យ WeChat របស់ក្រុមហ៊ុន Xiaomi ដោយបានបញ្ជាក់ច្បាស់ថា ការផ្ទេរឯកសារនឹងធ្វើឡើងតាមរយៈ Bluetooth ជាមួយនឹងល្បឿនផ្ទេររហូតទៅដល់២០មេកាបៃក្នុងវិនាទី។ ប្រព័ន្ធផ្ទេរឯកសារដោយគ្មានខ្សែនេះត្រូវបានគេមើលឃើញថា មានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធ AirDrop របស់ក្រុមហ៊ុន Apple ផងដែរ។

យោងតាមតួលេខបច្ចុប្បន្នជឿជាក់ថា ប្រព័ន្ធផ្ទេរឯកសារថ្មីនេះនឹងអាចទទួលបានភាពជោគជ័យ ខណៈដែលអតិថិជននៃក្រុមហ៊ុនយក្សទាំង៣នៅក្នុងចំណែកទីផ្សារចិនគឺមានរហូតទៅដល់ទៅ៤៩ភាគរយរួចទៅហើយដើម្បីប្រជែងជាមួយនឹងកម្មវិធី AirDrop។

លើសពីនេះគេនៅរងចាំមើលថា តើក្រុមហ៊ុនយក្សរបស់ចិនមួយទៀតគឺ Huawei អាចនឹងចូលរួមជាមួយនឹងផែនការនេះឬក៏យ៉ាងណា ខណៈដែលក្រុមហ៊ុនមួយនេះមានចំណែកទីផ្សារចិនដល់ទៅ៣៤ភាគរយម្នាក់ឯងផងដែរនោះ៕

អត្ថបទ៖ Lee

Share This Post: