កាន់តែទំនើប គ្រាន់តែតេស្តឈាមដឹងថា យើងរស់បានប៉ុន្មានឆ្នាំទៀត
គ្នាយើងភាគច្រើន ប្រាកដជាដឹងហើយថា ការតេស្តឈាម គឺសម្រាប់ពិនិត្យមេរោគ ឬបាក់តេរី ដែលបង្កបញ្ហាដល់សុខភាពរបស់យើង ដើម្បីងាយស្រួលក្នុងការព្យាបាល។ ប៉ុន្ដែថ្មីៗនេះ មានការសិក្សាមួយ បញ្ជាក់ថា ការតេស្តឈាម អាចព្យាករពីការស្លាប់ ថាតើយើងអាចរស់នៅបានប្រហែលប៉ុន្មានឆ្នាំទៅមុខទៀត។
ការតេស្តឈាមនេះ ផ្អែកលើសូចនាករជីវសាស្ត្រចំនួន ១៤ ពាក់ព័ន្ធជាមួយសុខភាពទូទៅ និងហានិភ័យនៃការឆ្លងជំងឺជាក់លាក់នានា ហើយមានភាពត្រឹមត្រូវរហូតដល់ ៨៣%។ ការតេស្តឈាមនេះ បានធ្វើឡើងលើមនុស្ស ៤៤.១៦៨នាក់ អាយុពី ១៨-១០៩ឆ្នាំ ដោយចំណាយពេលតាមដានចំនួន ១៦ឆ្នាំ និងមានមនុស្ស ៥.៥១២នាក់ បានស្លាប់។
សូចនាករជីវសាស្ត្រសំខាន់ ដែលប្រើក្នុងការសិក្សា មានដូចជា អាស៊ីតអាមីណូ កម្រិតកូលេស្តេរ៉ូលល្អ និងអាក្រក់ អតុល្យភាពអាស៊ីតខ្លាញ់ ការរលាក ការឆ្លើយតបរបស់ប្រព័ន្ធការពារ និងការរក្សាគ្លុយកូស។
អ្នកស្រាវជ្រាវ បញ្ជាក់ថា ការតេស្តឈាមនេះ អាចផ្ដល់លទ្ធផលក្នុងរយៈពេលខ្លី សម្រាប់ប្រជាជនទូទៅ ប៉ុន្ដែការតេស្តឈាមព្យាករអាយុនេះ គឺសម្រាប់ប្រើក្នុងការវាយតម្លៃប្រសិទ្ធភាពរបស់ថ្នាំថ្មីៗ ពេលឈានដល់វ័យចំណាស់។
សម្រាប់ការរកឃើញនេះ តាមពិតទៅ អ្នកស្រាវជ្រាវ ចង់ពិនិត្យពីជីវសាស្ត្ររបស់អ្នកជំងឺ ជាងភាពរស់រានមានជីវិតរបស់អ្នកជំងឺ ដើម្បីព្យាបាលប្រកបដោយប្រសិទ្ធភាពលើជំងឺដែលនឹងកើតនៅពេលខាងមុខ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ