បច្ចេកវិទ្យា

ច្បាស់ការហើយ iPhone 11 នឹងបង្ហាញខ្លួននៅថ្ងៃទី ១០ ខែ កញ្ញា ខាងមុខនេះ

BY
Khmernote Media
August 30, 2019

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានចេញលិខិតអញ្ជើញភ្ញៀវផ្លូវការសម្រាប់ចូលរួមកម្មវិធី “ព្រឹត្តិការណ៍ទូរស័ព្ទប្រចាំឆ្នាំ” របស់ខ្លួន ដែលព្រឹត្តិការណ៍ពិសេសនេះនឹងរៀបចំឡើងនៅក្នុងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះហើយ។ តាមរយៈលិខិតអញ្ជើញនោះក៏បានបង្ហាញផងដែរថា កម្មវិធីដ៏វិសេសវិសាលនេះនឹងរៀបចំឡើងនៅក្នុងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Apple ដែលស្ថិតនៅក្នុងក្រុង Cupertino រដ្ឋ California ​សហរដ្ឋអាមេរិក។

សម្រាប់ក្រុមអ្នកវិភាគ និងអ្នកតាមដានបច្ចុប្បន្នភាពបច្ចេកវិទ្យាពិភពលោកបានលើកឡើងថា ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនោះ Apple អាចនឹងបង្ហាញជាផ្លូវការនូវទូរស័ព្ទ iPhone 11 របស់ខ្លួនផងដែរ។ សូមរម្លឹកជូនថា កន្លងមកមានពាក្យចរចាមរាមជាច្រើនបានលើកឡើងថា ទូរស័ព្ទស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple នឹងមាន ៣ ជម្រើសដូចជា Apple 11 XR, XS, និង XS Max ជាដើម។ ចំពោះចំណុចពិសេសរបស់ទូរស័ព្ទទាំង ៣ ម៉ូដែលនោះវិញគឺពួកវានឹងបំពាក់ទៅដោយកាមេរ៉ាចំនួន ៣ គ្រាប់ មានទំហំអេក្រង់ចាប់ពី ៥,៨ រហូតដល់ ៦,១ អ៉ីញ មានមុខងារស្កេនមុខ (Face ID) និងបច្ចេកសាកថ្មចុងក្រោយដែលអាចសាកថ្មបានលឿននិងប្រើបានយូរផងដែរ។

យ៉ាងណាក្តី ព័ត៌មានលម្អិតអំពីទូរស័ព្ទខាងលើនេះ គ្រាន់តែជាដំណឹងក្រៅផ្លូវការដែលបានបែកធ្លាយតាមបណ្តាញអ៊ីនធឺណិតប៉ុណ្ណោះ ចំពោះព័ត៌មានផ្លូវការសូមប្រិយមិត្តរងចាំតាមដានទាំងអស់គ្នានៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ៕

អត្ថបទ៖ ភក្តី

Share This Post: