បច្ចេកវិទ្យា

ក្រុមហ៊ុន Google នឹងត្រូវចំណាយប្រាក់ពី ១៥០-២០០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ ដែលថា YouTube រំលោភច្បាប់ឯកជនភាពរបស់កុមារ

BY
autoadmin
August 31, 2019

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Google នឹងត្រូវចំណាយប្រាក់ចំនួន ១៥០-២០០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ ដែលថាគេហទំព័រ YouTube បានរំលោភច្បាប់ឯកជនភាពរបស់កុមារ ខណៈពេលកំពុងប្រមូលទិន្នន័យ ដើម្បីកំណត់គោលដៅការផ្សាយពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក (FTC) បានយល់ព្រមលើចំនួនទឹកប្រាក់នៃដំណោះស្រាយនេះទប់ទល់នឹង YouTube ប្រសិនបើមានការយល់ព្រមពីក្រសួងយុត្តិធម៌។

ការចោទប្រកាន់ប្រឆាំងនឹងគេហទំព័រ YouTube ត្រូវបានធ្វើឡើងដោយក្រុមការពារឯកជនភាព ដែលបាននិយាយថា វេទិកានេះបានរំលោភច្បាប់ការពារសិទ្ធិឯកជនរបស់កុមារ ដោយការប្រមូលទិន្នន័យលើអ្នកប្រើប្រាស់អាយុក្រោម ១៣ឆ្នាំ ដោយមិនបានទទួលការអនុញ្ញាតពីឪពុកម្តាយ។ កាសែត New York Times ក៏បាននិយាយថា FTC ត្រូវបានគេរំពឹងថា នឹងប្រកាសការសម្រេចចិត្តរបស់ខ្លួនលើការទូទាត់នៅខែកញ្ញានេះ។ ការពិតទៅនិយតករអាមេរិកបានអះអាងថា ជាយូរមកហើយដែល Google បរាជ័យក្នុងការការពារកុមារពីមាតិកា និងការប្រមូលទិន្នន័យ ដែលបង្កគ្រោះថ្នាក់នៅលើគេហទំព័រ YouTube នេះ៕

អត្ថបទ៖ លីដា

Share This Post: