បច្ចេកវិទ្យា

Google បានរកឃើញថា មានគេហទំព័រមួយចំនួនធំ បាន Hack ចូលឧបករណ៍ iPhone យ៉ាងស្ងាត់ៗជាច្រើនឆ្នាំមកហើយ

BY
autoadmin
September 2, 2019

បើតាម​ Business Insider ឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរបស់ Google បានរកឃើញថា មានគេហទំព័រមួយចំនួនធំបានលួច (hack) ចូលស្មាតហ្វូន iPhone របស់អ្នកប្រើប្រាស់យ៉ាងស្ងាត់ៗ ដែលយ៉ាងហោចណាស់ក៏មានរយៈពេលពីរឆ្នាំដែរ។ ក្រុមអ្នកវិភាគនៅផ្នែកសន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណិត Cyber ​​Security Security Project Zero បានចុះផ្សាយប្លក់បច្ចេកទេសស៊ីជម្រៅមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយរៀបរាប់យ៉ាងលម្អិតពីការរកឃើញរបស់ពួកគេ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សូម្បីតែអ្នកប្រើប្រាស់ iPhone គ្រាន់តែចូលមើលគេហទំព័រ ដែលមានសន្ដិសុខទាបទាំងនោះ វាគ្រប់គ្រាន់សម្រាប់ Hacker ដើម្បីចូលលួចសារ, រូបភាព និង GPS (real time) បានបាត់ទៅហើយ។

ពួកគេមិនបានបញ្ជាក់ថាវេបសាយទាំងនោះឈ្មោះអ្វីខ្លះទេ ប៉ុន្តែពួកគេបានឱ្យដឹងថា វេបសាយទាំងនោះយ៉ាងហោចណាស់មានអ្នកចូលមើលរាប់ពាន់អ្នក។ ការវាយលុកដំណើរការភាគច្រើនលើប្រព័ន្ធ iOS10 ដល់ iOS12 ។ វេបសាយទាំងនោះអាចចូលប្រើទូរស័ព្ទ iPhone តាមរយៈវិធីសាស្រ្ត ៥យ៉ាង ឬ “exploit chains” ។ ភាពងាយរងគ្រោះ ៧យ៉ាង ត្រូវបានរកឃើញ នៅក្នុងកម្មវិធីរុករកអ៊ីនធឺណិតដើមរបស់ iPhone គឺ Safari តែម្ដង។ ក្រុមអ្នកស្រាវជ្រាវក៏បានប្រាប់ទៅក្រុមហ៊ុន Apple អំពីការរកឃើញរបស់ពួកគេ កាលពីក្នុងខែកុម្ភៈ ហើយបានឱ្យក្រុមហ៊ុននូវពេលវេលាកំណត់ ៧ថ្ងៃ ដើម្បីជួសជុលភាពងាយរងគ្រោះនេះ។

ទីបំផុត ៦ថ្ងៃ ក្រោយមក Apple បានធ្វើបច្ចុប្បន្នភាពសុវត្ថិភាពនៅលើប្រព័ន្ធប្រតិបត្តិការ iOS12 របស់ខ្លួន ។ Google បានផ្តល់ឱ្យ Apple នូវពេលវេលាកំណត់តឹងរ៉ឹងជាងពេលធម្មតាក្នុងការលាតត្រដាងអំពីសន្តិសុខ ដែលជាធម្មតាមានរយៈពេល ៩០ថ្ងៃ ដើម្បីដោះស្រាយបញ្ហា។ ជាទូទៅក្រុមហ៊ុន Apple មានកេរ្តិ៍ឈ្មោះខ្លាំងនៅពេលនិយាយអំពីសន្តិសុខ ហើយកាលពីដើមខែមុន ក្រុមហ៊ុនបានចំណាយប្រាក់ដែលខ្លួនមាន ដើម្បីស្វែងរក Hacker ជើងខ្លាំងអាចលួចចូលឧបករណ៍របស់ខ្លួន ជាមួយនឹងទឹកប្រាក់រង្វាន់រហូតដល់ ១ លានដុល្លារ ក្នុងគោលបំណងស្វែងរកកំហុស ឬភាពខ្លះចន្លោះរបស់ខ្លួន៕

អត្ថបទ៖ លីដា

Share This Post: