ប្រយ័ត្នជួបបញ្ហាបែបនេះ ពេលពឹងអ្នកដទៃឲ្យបង្កើតគណនី Apple ID ឬ គណនីហ្វេសប៊ុកឲ្យ
- September 3, 2019
កន្លងមកក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានករណីជាច្រើន ពាក់ព័ន្ធនឹងការលួចយកគណនីអនឡាញ (Apple ID, Facebook) ដោយជនខិលខូចមួយចំនួន ប្រើប្រាស់រូបភាពបើកអាជីវកម្មបង្កើតគណនី Apple ID និងគណនី Facebook។ បន្ទាប់ពីបង្កើតគណនី ជនខិលខូចមួយចំនួនខាងលើបានធ្វើការកត់ត្រាព័ត៌មានគណនីរួមមាន៖ អាសយដ្ឋានអ៊ីម៉ែល លេខសម្ងាត់ និងធ្វើការលួចចូលប្រើប្រាស់នៅពេលក្រោយក្នុងបំណងទុច្ចរិត។
តើមានហានិភ័យអ្វីខ្លះ នៅពេលដែលអ្នកពឹងពាក់អ្នកដទៃឱ្យបង្កើតគណនី Apple ID ឬ គណនី Facebook របស់អ្នក?
១. ហានិភ័យនៅពេលដែលអ្នកដទៃដឹងលេខសម្ងាត់គណនី Apple ID របស់អ្នក៖
– ជនអនាមិកអាចធ្វើការផ្លាស់ប្តូរលេខសម្ងាត់គណនីរងគ្រោះបានគ្រប់ពេល តាមរយៈ Reset Password។
– ជនអនាមិកទាំងនោះអាចធ្វើការទាញយកកម្មវិធីផ្សេងៗ នៅលើ AppStore ប្រើប្រាស់គណនីហិរញ្ញវត្ថុរបស់អ្នក។
– តាមរយៈគណនី និងលេខសម្ងាត់ ពួកគេអាចធ្វើការប្រើប្រាស់កម្មវិធី iMessage ក្នុងនាមជាអ្នក។
– ពួកគេក៏អាចធ្វើការលួចចូលមើលព័ត៌មានមួយចំនួនរបស់អ្នកដែលបាន Backup អនឡាញ (ឧទាហរណ៍៖ កម្មវិធី Note, កម្មវិធី Reminders)
– តាមរយៈគណនី និងលេខសម្ងាត់ ពួកគេអាចធ្វើការលួចចូលទៅកាន់ iCloud របស់អ្នក ដើម្បីលួចទាញយករូបភាព ឯកសារ ព័ត៌មានផ្សេងៗ របស់អ្នក ជាពិសេសអាចដឹងពីទីតាំង (Location) និងតាមដានដំណើររបស់អ្នកបានគ្រប់ពេលវេលា (Live location)។
២. ហានិភ័យនៅពេលដែលអ្នកដទៃដឹងលេខសម្ងាត់គណនី Facebook របស់អ្នក៖
– ជនអនាមិកអាចធ្វើការផ្លាស់ប្តូរលេខសម្ងាត់គណនីរងគ្រោះបានគ្រប់ពេល តាមរយៈ Reset Password។
– តាមរយៈគណនី និងលេខសម្ងាត់ ជនខិលខូចអាចធ្វើការលួចចូលប្រើប្រាស់គណនីរបស់អ្នក ប្រើប្រាស់ដើម្បីឆបោកប្រាក់សាច់ញាតិ មិត្តភក្តិ។ល។
– ប្រើប្រាស់គណនីជនរងគ្រោះ បង្ហោះអត្ថបទអាសអាភាស នយោបាយ បរិហារកេរ្តិ៍ ឬអត្ថបទល្មើសច្បាប់ផ្សេងៗ។
– លួចចូលមើលរូបភាព ឬសាររបស់គណនីរងគ្រោះ និងធ្វើការគម្រាមទារប្រាក់ជាថ្នូរនឹងការរក្សាការសម្ងាត់ផ្សេងៗ របស់ជនរងគ្រោះ។
ដើម្បីការពារបញ្ហាដូចបានរៀបរាប់ខាងលើ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ សូមធ្វើការណែនាំនូវវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
– ពុំត្រូវឱ្យអ្នកដទៃបង្កើត ឬដឹងអំពីលេខសម្ងាត់គណនីអនឡាញរបស់អ្នក។
– ត្រូវធ្វើការផ្លាស់ប្តូរលេខសម្ងាត់ នៅពេលដែលសង្ស័យថាមានការលួចប្រើប្រាស់ខុសច្បាប់។
– ពុំត្រូវប្រើប្រាស់គណនីរបស់អ្នកដទៃ (ឧទាហរណ៍៖ គណនី Apple ID, គណនី Facebook)។
– ត្រូវធ្វើការបិទ ឬលុបគណនីអនឡាញ នៅពេលឈប់ប្រើប្រាស់។
– ធ្វើការលុប (Erase / Wipe / Facetory Reset) ឯកសារ រូបភាព និងព័ត៌មានផ្សេងៗ ក្នុងឧបករណ៍អេឡិចត្រូនិករបស់អ្នក (ទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍វ័យឆ្លាត។ល។) មុននឹងលក់ ឬប្រគល់ទៅឱ្យអ្នកដទៃ។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
- Share This Post:






