បច្ចេកវិទ្យា

OPPO គ្រោងបញ្ចេញ Reno ស៊េរីថ្មីមួយទៀត ដែលមានល្បឿនអេក្រង់ដល់ទៅ 90Hz

BY
Khmernote Media
September 4, 2019

បរទេស៖ ទើបតែសប្តាហ៍មុនប៉ុណ្ណោះ ដែលម៉ូដែល OPPO Reno 2 ដល់ទៅ៣ស៊េរីបានចេញក្នុងពេលតំណាលគ្នានៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបើយោងតាមការអះអាងចុងក្រោយរបស់អនុប្រធានក្រុម OPPO លោក Brian Shen បានលើកឡើងថា Reno ស៊េរីថ្មីមួយទៀតនឹងអាចបង្ហាញខ្លួននៅពេលក្រោយ។

ការប្រកាសដ៏គួរភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើងដោយអ្នកតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុនរូបនេះក្នុងពេល ដែលលោកបានធ្វើការឆ្លើយតបទៅនឹងសំណួរបស់អតិថិជនម្នាក់ក្នុងបណ្តាញសង្គម Weibo របស់ចិន។ លោក Shen បានទាំងបញ្ជាក់ព័ត៌មានពិស្តារបន្ថែមមួយចំនួនអំពីម៉ូដែលថ្មីនេះផងដែរ។

លោកបានបញ្ជាក់ថា Reno ម៉ូដេលថ្មីនេះនឹងមិនមានអ្វីជាប់ពាក់ព័ន្ធឬជាផ្នែកណាមួយនៃ Reno 2 ឡើយ ហើយក៏នឹងមិនទាន់អាចនឹងបង្ហាញខ្លួនក្នុងកំឡុងខែកញ្ញានេះដែរ។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់ម្នាក់អំពីល្បឿនអេក្រង់ 90Hz ដែលបំពាក់នៅលើម៉ូដេល OnePlus ដែលជាក្រុមហ៊ុនបងប្អូននោះ លោក Shen បានអះអាងយ៉ាងខ្លាំងថា ប្រាកដណាស់មុខងារនេះនឹងបំពាក់មកជាមួយ Reno ម៉ូដេលថ្មីនេះជាមិនខាន៕

អត្ថបទ៖ Lee

Share This Post: