បច្ចេកវិទ្យា

Huawei គ្រោងចាយលុយ ៣០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយដល់សកលវិទ្យាល័យនៅទូទាំងពិភពលោក

BY
Khmernote Media
September 5, 2019

បរទេស: នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បាននិយាយកាលពីពេលថ្មីៗនេះឲ្យដឹងថា ក្រុមហ៊ុនគ្រោងចំណាយថវិកាជាង ៣០០លានដុល្លារក្នុងមួយឆ្នាំក្នុងការផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវនានារបស់សាកលវិទ្យាល័យ។

ប្រធានក្រុមហ៊ុនដដែលនេះបានបញ្ជាក់ទៀតថា យើងនៅតែសម្រេចចិត្តដំណើរការកញ្ចប់ថវិកាទាំងនេះ បើទោះបីជាក្រុមហ៊ុនរបស់យើងកំពុងបន្តប្រយុទ្ធប្រឆាំងនឹងបម្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលវាពិតជាបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មនិងទំនាក់ទំនងរបស់យើងជាមួយនឹងវិស័យសិក្សាក៏ដោយ។

លោក William Xu ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei គឺជាអ្នកដែលបានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងព្រឹត្តិការណ៍ក្រុមហ៊ុនមួយនៅភាគនិរតីនៃទីក្រុងឆេងឌូប្រទេសចិន។

វិទ្យាស្ថានបច្ចេកវិទ្យា Massachusett នៅសហរដ្ឋអាមេរិកបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei កាលពីដើមឆ្នាំនេះ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ផ្តើមស៊ើបអង្កេតក្រុមហ៊ុន ចំពោះការចោទប្រកាន់ពីបទរំលោភទណ្ឌកម្ម ខណៈពេលដែលសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសបានឈប់ទទួលយកមូលនិធិពីក្រុមហ៊ុន Huawei កាលពីឆ្នាំមុននេះដូចគ្នាដែរ។

លោក Xu បានបន្តទៀតថា មានតែស្ថាប័នមួយចំនួនប៉ុណ្ណោះ ដែលបានផ្អាកទំនាក់ទំនងជាមួយក្រុមហ៊ុន ប៉ុន្តែ Huawei នឹងនៅតែបន្តចាយថវិកា៣០០លានដុល្លារក្នុងមួយឆ្នាំនេះជាមួយនឹងស្ថាប័នផ្សេងៗ ដែលស្វាគមន៍យើង៕

អត្ថបទ៖ Lee

Share This Post: