ច្បាស់ការហើយ Galaxy Fold នឹងដាក់លក់ជាផ្លូវការនៅថ្ងៃសុក្រស្អែកនេះ
- September 5, 2019
ក្រោយព័ត៌មានចចាមអារ៉ាមជាច្រើនកន្លងមកទីបំផុតមកដល់សប្តាហ៍នេះព័ត៌មានផ្លូវការបានបញ្ជាក់ថា ក្រុមហ៊ុនអេឡិកត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung នឹងដាក់ការលក់ស្មាតហ្វូនដែលអាចបត់បានជាលើកដំបូង Galaxy Fold របស់ខ្លួនហើយនៅថ្ងៃសុក្រ ទី៦ខែកញ្ញានេះហើយ។
ប៉ុន្តែការលក់ជាផ្លូវការនេះនឹងធ្វើឡើងដំបូងតែនៅក្នុងប្រទេសកូរ៉េខាងត្បូងជាមុនសិន។ កន្លងមកពោលគឺកាលពីខែមេសា ក្រុមហ៊ុន Samsung ធ្លាប់បានពន្យាពេលម្តងហើយក្នុងការបង្ហាញខ្លួនស្មាតហ្វូន ដែលអាចបត់បាននេះនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកត្រូវបានពន្យាពេលទៅវិញ ដោយសារតែបញ្ហាអេក្រង់មិនដំណើរការ។
ប្រភពដ៏ទុកចិត្តរបស់ Samsung ដែលបានធ្វើការថ្លែងប្រាប់កាសែតរ៉យទ័រ ប៉ុន្តែដោយស្នើសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ទៀតថា ស្មាតហ្វូនមួយនេះនឹងមានតម្លៃប្រហែល ២.៤ លានវ៉ុនឬ ១,៩៨០ ដុល្លារសម្រាប់អ្នកទិញជនជាតិកូរ៉េខាងត្បូង និងមិនបានផ្តល់ផ្តល់ព័ត៌មានអ្វីលម្អិតលើសនេះនោះទេ។
គួររំលឹកផងដែរថា Galaxy Fold មានអេក្រង់មុខទំហំ 4.6 អ៊ីញ និងអេក្រង់បត់ខាងក្នុងទំហំ 7.3 អ៊ីញ Super AMOLED រត់ដោយបន្ទះឈី Snapdragon 855 មាន RAM 12GB និងអង្គផ្ទុកទិន្នន័យ 512GB ហើយមានថ្មទំហំ 4,380mAh ដោយក្រុមហ៊ុន Samsung បានបញ្ជាក់ថា ស្មាតហ្វូននេះប្រើថ្ម២គ្រាប់ ដែលអាចប្រើប្រាស់រហូតដល់៩០ម៉ោងឯណោះ៕

អត្ថបទ៖ Lee
- Share This Post:









