សុខភាព

មន្ទីរពេទ្យខ្លាំងមួយនៅវៀតណាម វះកាត់ផ្លាស់ប្ដូរសរីរាង្គ សំខាន់ៗច្រើនបំផុតមិនធ្លាប់មាន

BY
Khmernote Media
September 7, 2019

ការវះកាត់​ផ្លាស់ប្ដូរសរីរាង្គ ជាការ​ព្យាបាល​មួយ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់ ទាមទារ​វេជ្ជបណ្ឌិត​មាន​ជំនាញ ​បទពិសោធន៍​ខ្ពស់ រួមជាមួយ​សម្ភារៈ​វេជ្ជសាស្ត្រ​ទំនើបៗ។ ប៉ុន្ដែ​មន្ទីរពេទ្យ​វៀតណាម បាន​វះកាត់​ផ្លាស់ប្ដូរ​សរីរាង្គសង្គ្រោះអ្នកជំងឺ ច្រើន រដឹករាល់ខែ រហូត​មួយខែ​មុន​(សីហា) នេះ ជាប់​ជា​ខែ ​វះកាត់​ប្ដូរ​បំណែករាងកាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន។

ជាក់ស្ដែង មន្ទីរពេទ្យ Hue នៅ​ខេត្ត Thua Thien បាន​វះកាត់​ផ្លាស់ប្ដូរ​សរីរាង្គ ចំនួន ២១ កាលពី​ខែ​សីហា ឆ្នាំ​២០១៩។ ក្នុង​នោះ រួមមាន​ការវះកាត់​ផ្លាស់ប្ដូរ​ថ្លើម ចំនួន ១​ករណី ផ្លាស់ប្ដូរ​បេះដូង ចំនួន ២​ករណី និង​ផ្លាស់ប្ដូរ​តម្រងនោម ចំនួន ១៨​ករណី។ លោក Pham Nhu Hiep ប្រធាន​មន្ទីរពេទ្យ បញ្ជាក់​ថា តួលេខ​វះកាត់​ផ្លាស់ប្ដូរ​សរីរាង្គ នៅ​ខែ​សីហា កន្លង​ទៅ​នេះ គឺ​ខ្ពស់បំផុតមិនធ្លាប់មាន។

លោកប្រធាន​មន្ទីរពេទ្យ ក៏បញ្ជាក់​​​ដែរ​ថា នៅ​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០១៩ មន្ទីរពេទ្យ​បាន​ធ្វើការ​វះកាត់​ផ្លាស់ប្ដូរ​សរីរាង្គ ចំនួន ២ ដែល​ទទួល​បាន​ពីអ្នក​ជំងឺ​មាន​មុខងារ​ខួរក្បាល​មិន​ដំណើរការ នៅ​ក្រុង​ហាណូយ។ សរីរាង្គ​ទាំង២ ត្រូវបាន​បញ្ជូន​តាម​យន្តហោះ ទៅកាន់​មន្ទីរពេទ្យ Hue ផ្លាស់ប្ដូរ​ឲ្យ​អ្នក​ជំងឺ​បេះដូង​ម្នាក់ និង​អ្នក​ជំងឺ​មហារីក​ថ្លើម​ម្នាក់​ទៀត។

គិតមក​ដល់​បច្ចុប្បន្ន មន្ទីរពេទ្យ បាន​វះកាត់​ផ្លាស់ប្ដូរ​សរីរាង្គ ជាង ៨០០​ហើយ ដោយ​សរីរាង្គ​ភាគច្រើន ត្រូវ​បញ្ចូន​តាម​ផ្លូវ​អាកាស ពី​ទីតាំង​នានា ទៅ​កាន់​មន្ទីរពេទ្យ Hue។ មន្ទីរពេទ្យ​នេះ ស្ថិត​ក្នុង​ចំណោម​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឈានមុខគេ​របស់​វៀតណាម ដែល​ត្រូវ​បង្កើត​ឡើង នៅ​ឆ្នាំ​១៨៩៤។ មន្ទីរពេទ្យ​នេះ ជោគជ័យ​លើ​ការ​វះកាត់​ផ្លាស់ប្ដូរ​បេះដូង ជាលើក​ដំបូង កាលពី​ឆ្នាំ​២០១១។

នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា កន្លង​ទៅ មន្ទីរពេទ្យ បាន​បង្កើត​មជ្ឈមណ្ឌល​វះកាត់​ផ្លាស់ប្ដូរ​សរីរាង្គ និង​ជាលិកា និង​បានធ្វើ​យុទ្ធនាការ អំពាវនាវ​ឲ្យ​សាធារណជន បរិច្ចាក​សរីរាង្គ និង​ជាលិកា។ នៅ​ថ្ងៃ​បើក​ដំណើរការ​មជ្ឈមណ្ឌល​នេះ មនុស្ស ១០០​នាក់ បាន​ចុះឈ្មោះ​ចូលរួម​បរិច្ចាគ​សរីរាង្គ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: