បេសកកម្មទៅប៉ូលខាងត្បូងភពព្រះចន្ទរបស់ឥណ្ឌាត្រូវបរាជ័យ បន្ទាប់ពីបាត់បង់ការទំនាក់ទំនងជាមួយនឹងយានចុះចត
- BY
- autoadmin
- September 7, 2019
ឥណ្ឌាបានបាត់បង់ការទំនាក់ទំនងជាមួយនឹងយានចុះចតភពព្រះចន្ទ Vikram របស់ខ្លួនកាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា ប៉ុន្មានម៉ោងមុននេះ ក្នុងអំឡុងការប៉ុនប៉ងដ៏ក្លាហានមួយ ដើម្បីបង្កើតប្រវត្តិសាស្ត្រជាប្រទេសទីមួយ ដែលបានចុះចតនៅជិតប៉ូលខាងត្បូង។ ការចុះចតនេះផងដែរ នឹងធ្វើឱ្យសុបិនឥណ្ឌាក្លាយជាប្រទេស ទី៤ ប្រែជាការពិត ប្រសិនបើការចុះចតយានអវកាសនៅលើភពព្រះច័ន្ទរបស់ពួកគេទទួលបានជោគជ័យ។ មុនពេល Vikram ចុះចតក៏មានជាការផ្សាយផ្ទាល់ (live stream) ដំណើររបស់វា ដើម្បីឱ្យមនុស្សនៅលើផែនដីអាចបានចូលរួមមើលការចុះចតនេះផងដែរ។

នៅខាងក្នុងមជ្ឈមណ្ឌលត្រួតពិនិត្យបេសកកម្មសម្រាប់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ដែលជាអ្នករចនាយានអវកាស Chandrayaan-2 (យានបង្ហោះដែលនាំយក Vikram ទៅគន្លងគោចរ) ក៏មានការត្រៀមខ្លួនផ្ទៀងមើលការចុះចត ពីក្រុមអ្នកវិទ្យាសាស្ត្រដែលស្រមៃចង់ឱ្យក្ដីសុបិនរបស់ឥណ្ឌាបានជោគជ័យ។ ប៉ុន្តែគួរឱ្យសោកស្ដាយបំផុតវាបានបាត់ការទាក់ទង ខណៈដែលយានត្រៀមចុះចតទៅហើយ។
នាយករដ្ឋមន្រ្តី Narendra Modi បានទៅដល់មជ្ឈមណ្ឌលអវកាស Satish Dhawan ក្នុងទីក្រុង Sriharikota ប្រទេសឥណ្ឌា ប្រហែលកន្លះម៉ោងមុនពេលដែល Vikram គ្រោងនឹងចុះចត។ ការប្រកាសនៃការចុះចតនោះបានធ្វើឡើងនៅម៉ោង ៤ និង ៤៨ នាទីល្ងាច (ម៉ោងក្នុងស្រុក) ពីលោក K. Sivan នាយករបស់មជ្ឈមណ្ឌល ISRO ។ លោក Sivan បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា៖ “ការចុះចតនៃយាន Vikram គឺដូចការគ្រោងទុក ហើយការអនុវត្តធម្មតាត្រូវបានគេវាស់វែងរហូតដល់រយៈកម្ពស់ ២.១គីឡូម៉ែត្រ។ បន្ទាប់មកទំនាក់ទំនងពីយានដល់ស្ថានីយ៍ត្រូវបានបាត់បង់។ ហើយទិន្នន័យកំពុងត្រូវបានវិភាគ”៕




អត្ថបទ៖ លីដា
- Share This Post:






