មានជំងឺទឹកនោមផ្អែម ត្រូវចេះតិចនិកថែទាំសុខភាពស្បែកទាំងនេះ
ជំងឺទឹកនោមផ្អែម មិនរើសអើងលើភេទ អាយុទេ គ្នាយើងសុទ្ធតែអាចកើតជំងឺរ៉ាំរ៉ៃនេះគ្រប់ពេល ពិសេសគ្នាយើងចូលចិត្តញ៉ាំផ្អែម ផឹកភេសជ្ជៈជាតិស្ករខ្ពស់ ប្រយ័ត្នខ្លួនឲ្យហើយទៅ។ ចំពោះគ្នាយើងមានកើតជំងឺនេះហើយ ក៏ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អផង ពិសេសស្បែកយើងតែម្តង បើជំងឺនេះ ងាយបង្កឲ្យ ស្បែកស្ងួត រមាស់ បង្ករោគដោយបាក់តេរី និងពពួកផ្សិត ងាយធ្វើឲ្យស្បែករលាត់ និងរបួសក្លាយទៀតផង។ “Hello គ្រូពេទ្យ” ចង់ណែនាំគ្នាយើងមានជំងឺទឹកនោមផ្អែម ពីតិចនិកថែទាំសុខភាពស្បែកឲ្យបានល្អ តាមរយៈអត្ថបទនេះ។
១- វិធីសាមញ្ញថែទាំស្បែកពេលកើតទឹកនោមផ្អែម
– ប្រើថ្នាំរក្សាសម្ពាធឈាម និងជាតិខ្លាញ់ (Cholesterol) បានទៀងទាត់
– ប្រើម៉ាស៊ីនបង្កើតចំហាយទឹកក្នុងបន្ទប់ អំឡុងរដូវត្រជាក់ ឬខែកត្តិក
– ចៀសវាងមុជទឹកក្តៅ និងត្រាំទឹកយូរ ព្រោះវាធ្វើឲ្យស្បែកស្ងួត
– លាបក្រែមរលោង ការពារប្រ៉េះបបូរមាត់
– ជួតសម្អាតខ្លួនឲ្យស្ងួតល្អក្រោយ មុជទឹក និងប្រើឡេលាបខ្លួនរក្សាសំណើម
– ញ៉ាំទឹក ភេសជ្ជៈគ្មានជាតិស្ករ គ្មានជាតិកាហ្វេអ៊ីនឲ្យច្រើន ដើម្បីស្បែកមានជាតិទឹកគ្រប់គ្រាន់
– ញ៉ាំអារហារសម្បូរ អាស៊ីដខ្លាញ់អូមេហ្គា ៣ (omega-3) ព្រោះវាជាសារធាតុចិញ្ចឹមស្បែក ដូចជា ត្រីសាឌីន ត្រីធូណា ត្រីសាល់ម៉ុន ផលិតផលសណ្តែកសៀង និងពួកគ្រាប់ធុញ្ញជាតិជាដើម។
– ថែរក្សាជើងអ្នកឲ្យបានស្អាតល្អ ដោយពាក់ស្បែកជើងល្មមជើងយើង យកកម្ទេចកម្ទីផ្សេងៗចេញពីស្បែកជើង ព្រោះអាចធ្វើឲ្យឈឺ និងរលាត់ស្បែក។
២- វិធីដោះស្រាយពេលមានបញ្ហាស្បែក
បើសិនគ្នាយើងមានជំងឺទឹកនោមផ្អែម ហើយមានបញ្ហាស្បែកដែលមិនអាចដោះស្រាយខ្លួនឯងបាន សូមទៅជួបជាមួយគ្រូពេទ្យ ដើម្បីស្វែងរកការព្យាបាលត្រឹមត្រូវ បើមិនទទួលការព្យាបាល អាចនឹងក្លាយទៅជាដំបៅធំ មិនងាយសះស្បើយ នាំឲ្យកាត់ជើង ឬអវយវៈនោះចោលទៀតផង។ ខណៈបើគ្នាយើងមានបញ្ហាស្បែកដូចខាងក្រោម ត្រូវចេះថែទាំតាមគោលការណ៍ណែនាំទាំងនេះ៖
– ឡើងពងទឹក៖
+ កុំបំបែកពងទឹកនៅលើស្បែក ព្រោះស្បែកជាភ្នាក់ងារការពារការបង្ករោគ
+ លាងសម្អាតរបួសដោយប្រុងប្រយ័ត្ន ដោយសាប៊ូ និងទឹកក្តៅឧណ្ហៗ
+ ប្រើក្រែមលាបមានជាតិថ្នាំអង់ទីប៊ីយ៉ូទិក ដើម្បីការពារការបង្ករោគ
+ សូមរុំរបួសជាមួយនឹងបង់រុំ (Gauze pad) ឬកំណាត់ស្អាត
+ ដូរបង់រុំជារៀរាល់ថ្ងៃ។
– ដាច់ស្បែកតូចៗ៖
+ លាងសម្អាតរបួសថ្នមៗជាមួយសាប៊ូនិងទឹកក្តៅឧ័ណ្ឌៗ
+ ប្រើក្រែមលាបមានជាតិថ្នាំអង់ទីប៊ីយ៉ូទិកដើម្បីការពារការបង្ករោគ
+ សូមរុំរបួសជាមួយនឹងបង់រុំ (Gauze pad) ឬក្រណាត់ស្អាត
+ ដូរបង់រុំជារៀរាល់ថ្ងៃ។
– រលាកកម្រិតស្រាល៖
+ បន្ថយការឈឺចាប់ ដោយស្អំជាមួយទឹកកក របស់ត្រជាក់ៗ ឬទឹកកំពុងហូរ (Clean running water)
+ កុំបំបែកពងបែកនៅលើស្បែក ព្រោះស្បែកជាភ្នាក់ងារការពារការបង្ករោគ
+ លាងសម្អាតរបួសថ្នមៗ ជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗ រួចជួតឲ្យស្ងួត
+ សូមរុំរបួសដែលរលាក ជាមួយនឹងបង់រុំ (Gauze pad)
+ ដូរបង់រុំជារៀរាល់ថ្ងៃ។
ត្រូវចាំថា សូមព្យាបាលបញ្ហារបួសស្បែក ដោយថ្នមៗបន្ទាប់ពីយើងបានដឹងភ្លាមៗ ដើម្បីការពារពីការបង្ករោគ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ