ថៃ ប៉ះពាល់ខ្លាំងពីខ្យល់ពុល បង្កដោយភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី
ភ្លើងឆេះព្រៃពីកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បង្កជាផ្សែងពុល សាយភាយដល់ប្រទេសជិតខាង រួមមាន ម៉ាឡេស៊ី សឹង្ហបុរី ហើយនៅពេលនេះ ផ្សែងពុល ក៏បានសាយភាយប៉ះពាល់ដល់ខេត្តចំនួន ៣ របស់ថៃ។
សារព័ត៌មាន Bangkok Post អះអាងថា ខេត្តភាគខាងត្បូងដែលរងផលប៉ះពាល់ពីផ្សែងអ័ព្ទពុល នោះរួមមាន ខេត្តសុងខ្លា ខេត្តសាទុន និងខេត្តត្រាង ដោយគុណភាពខ្យល់នៅខេត្តទាំងនេះ មានកម្រិតភាគល្អិតខ្យល់តូចជាង ២,៥ មីក្រូម៉ែត្រ (តូចជាងទំហំសក់) ជាមធ្យមប្រមាណ៥៤ ភាគល្អិត/ម៉ែត្រគូបខ្យល់ ដែលកត្តានេះ បង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ពិសេសមនុស្សចាស់ ឬក្មេងៗមានបញ្ហាសួត។
ទោះជាយ៉ាងណា អាជ្ញាធរខេត្តខាងលើ ក៏កំពុងមមាញឹក ដឹកជញ្ជូនម៉ាស់ សម្រាប់ត្រៀមចែកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងករណីស្ថានការណ៍ធ្ងន់ធ្ងរ។ ជាមួយគ្នានេះ មន្ត្រីអាជ្ញាធរក៏ចាត់វិធានការបឋម ដោយណែនាំឲ្យពលរដ្ឋខ្លួន ពាក់ម៉ាស ករណីចេញមកខាងក្រៅ និងពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ បើមានបញ្ហាដង្ហើមដោយសារខ្យល់ពុលខាងលើ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ