ដំណឹងល្អ! វិទ្យាសាស្ត្ររកឃើញតម្រុយថ្មី ឈានទៅព្យាបាលជំងឺអារ លើស្រីៗមិនអាចមានកូន
អ្នកវិទ្យាសាស្ត្ររកឃើញតម្រុយថ្មី មានទំនាក់ទំនងនឹងជំងឺអារ (គ្មានកូន) លើស្រីៗ ដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហាខួរឆ្អឹងខ្នង ដែលរបកគំហើញនេះ ត្រូវគេជឿថា អាចត្រួសត្រាយផ្លូវ ដើម្បីឈានទៅដល់ការព្យាបាលជំងឺនេះឲ្យជាសះស្បើយនៅថ្ងៃអនាគត។
យោងតាមព្រឹតិ្តបត្រវេជ្ជសាស្រ្ត PLOS Biology បានពន្យល់ថា នៅពេលស៊ុតបង្កកំណើតចាប់ផ្តើមទុំជ្រុះ ជាលិកាស្តើងៗជាច្រើន នឹងចេញពីខួរឆ្អឹង ធ្វើដំណើរតាមចរន្តឈាមទៅកាន់ស្បូន ជាកន្លែងជាលិកាទាំងនោះ ជួយវិវត្តស្រទាប់ខាងក្នុងនៃស្បូន សម្រាប់ត្រៀមការបង្កកំណើតកូន។ ប៉ុន្តែ បើសិនករណីស្រទាប់ខាងក្នុងស្បូន មិនបានវិវត្តបាន នោះគភ៌នឹងមិនអាចលូតលាស់បានដូចគ្នា ជាហេតុធ្វើឲ្យរាងកាយស្រីៗមានបញ្ហានេះ មិនអាចមានលទ្ធភាពបង្កកំណើតបាន។
តែយ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តបានពិសោធលើសត្វកណ្តុរ ហើយរកឃើញថា ក្នុងករណី យកចំណែកមួយនៃខួរឆ្អឹងមានសុខភាពល្អមកផ្សាំ នោះរាងកាយសត្វកណ្តុរ នឹងអាចមានលទ្ធភាពបង្កកំណើតបានប្រសើរជាងមុន ហើយសូម្បីតែរាងកាយកណ្តុរមានខួរឆ្អឹងមិនល្អ ក៏ការផ្សាំខួរឆ្អឹងថ្មី អាចជួលជុលលទ្ធភាពបង្កកំណើតបានឡើងវិញផងដែរ។
ដោយឃើញពីលទ្ធភាពនេះ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងពិសោធបន្ថែមទៅលើគំរូរាងកាយមនុស្ស ដោយរំពឹងថា នឹងមានលទ្ធភាពព្យាបាលជំងឺអារ នៅថ្ងៃខាងមុខ ប្រកបដោយប្រសិទ្ធិភាព។
“អនុវត្តនីតិវិធីនេះទៅលើមនុស្ស អាចឲ្យពួកយើងយល់ និងសង្ឃឹមថា ព្យាបាលជំងឺអារបាន នាថ្ងៃអនាគត” នេះបើតាមសម្តីលោកសាស្រ្តាចារ្យ Reshef Tal ដែលដឹកនាំការស្រាវជ្រាវខាងលើ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ