បច្ចេកវិទ្យា

សល់តែ២ថ្ងៃទៀតទេ Huawei Mate 30 series នឹងបង្ហាញខ្លួនហើយ ចេញមកលើកនេះ៤ម៉ូដែលតែម្តង

BY
Khmernote Media
September 17, 2019

នឹងមិនមានអ្វីដែលខុសទៅនឹងផែនការឡើយ ដោយស៊េរី Huawei Mate 30 នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះហើយនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ធំបំផុតនៅទីក្រុងមុយនិច។ ប៉ុន្តែទោះបីជានៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះក្តី គណនេយ្យ Twitter របស់ Evan Blass បានធ្វើការចេញផ្សាយនូវរូបភាពជាច្រើនដែលខ្លួនបានអះអាងថាស៊េរី Huawei Mate 30 មានរហូតដល់៤ម៉ូដែល។

បើតាមការអះអាងរបស់លោក Evan Blass បានឲ្យដឹងថា Huawei Mate 30 series ទាំង៤នោះមានដូចជា Huawei Mate 30, Huawei Mate 30 Pro, Huawei Mate 30 Porsche Design និង Huawei Mate 30 Lite។ Huawei Mate 30 Pro ត្រូវបានគេជឿជាក់ថា នឹងមានអេក្រង់កោង 6.7-inch AMLOED និងមានល្បឿនអេក្រង់ដល់ 90Hz refresh rate ទៀតផង ហើយល្បឿននេះលឿនជាងស្មាតហ្វូនមុនៗដល់ទៅ៥០% ដែលធ្វើឲ្យការអូសមើលរូបភាព និងលេងហ្គេមរអិលគ្មានទាក់ឡើយ។ ដោយសារល្បឿនអេក្រង់ដល់ 90Hz ធ្វើឲ្យវាស៊ីថាមពលខ្លាំង ទើប Huawei បានបន្ថែមថាមពលថ្មលើ Mate 30 Pro ដល់ 4,500mAh និងនៅលើ Mate 30 ឡើងដល់ 4,200mAh។

Mate 30 Pro នឹងប្រើអេក្រង់ទឹកធ្លាក់ Waterfall ដែលមានន័យថា គែមអេក្រង់មានលក្ខណៈកោងខ្លាំងស្ទើរតែ៩០ដឺក្រង ធ្វើឲ្យស្មាតហ្វូននេះមើលទៅសឹងតែគ្មានសល់គែមអេក្រង់ទៅហើយ។ Mate 30 series បំពាក់ដោយបន្ទះឈីប Kirin 990 និងអាចដំណើរការប្រព័ន្ធ 5G បានថែមទៀតផង។ ចំពោះកាមេរ៉ាវិញ Mate 30 Pro មានកាមេរ៉ាក្រោយដល់ទៅ4គ្រាប់ ដែល2គ្រាប់ទំហំ 40MP (មួយគ្រាប់សម្រាប់ថតរូបធម្មតា និងមួយគ្រាប់ទៀតថតរូប ultra-wide) មួយគ្រាប់ទំហំ 8MP សម្រាប់ថតប្លង់ telephoto zoom 5x និងមួយគ្រាប់ចុងក្រោយជាប្រភេទ Time of Flight សម្រាប់ជំនួយដល់ការថតរូបកាត់ផ្ទៃព្រិលខាងក្រោយ៕

អត្ថបទ៖ Lee

Share This Post: