អ្នកគ្រោងទៅដើរលេងនៅសាំហ្គាពួ ផ្អាកសិនទៅ ព្រោះឥលូវនេះផ្សែងអ័ព្វគ្របដណ្ដប់ពេញសាំហ្គាពួ ខ្យល់ឈានដល់កម្រិតលែងមានសុវត្ថិភាពហើយ
ចាប់តាំងពីដើមសប្ដាហ៍នេះមក សិង្ហបុរី បានជួបបញ្ហាផ្សែងអ័ព្វ ដែលសាយភាពជាបន្ដបន្ទាប់ពីការឆេះព្រៃ នៅកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ី។ ប៉ុន្ដែម្សិលមិញ ផ្សែងអ័ព្វ បានគ្រប់ដណ្ដប់ពេញប្រទេសដីកោះមួយនេះ ហើយគុណភាពខ្យល់ ក៏ឈានដល់កម្រិតលែងមានសុវត្ថិភាពហើយ។
តាមសូចនាករគុណភាពខ្យល់ (PSI) ម្សិលមិញ សិង្ហបុរីមានកម្រិតគុណភាពខ្យល់ នៅតំបន់ខាងជើង ១០៧ តំបន់ខាងកើត ១១១ តំបន់ខាងត្បូង ១២០ តំបន់ខាងលិច ១១១ និងតំបន់កណ្ដាល ១០៥។ តាមទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី គុណភាពខ្យល់ កម្រិតល្អ គឺពី ០-៥០ កម្រិតមធ្យម គីពី ៥០-១០០ និងកម្រិតលែងមានសុវត្ថិភាព គឺពី ១០១-២០០។
អាជ្ញាធរសិង្ហបុរី បានណែនាំពលរដ្ឋ ឲ្យកាត់បន្ថយការចេញទៅហាត់ប្រាណនៅខាងក្រៅរយៈពេលយូរ ជាពិសេស មនុស្សចាស់ ស្ត្រីពពោះ និងកុមារ។ ចំណែកអ្នកមានជំងឺសួតរ៉ាំរ៉ៃ ឬជំងឺបេះដូង គួរចៀសវាងចេញទៅខាងក្រៅ។
ផ្សែងអ័ព្វ ដែលគ្របដណ្ដប់លើដែនអាកាសសិង្ហបុរីនេះ ត្រូវអះអាងថា សាយភាយមកពីការឆេះព្រៃ នៅកោះស៊ូម៉ាត្រា ដែលតាមរយៈការមើលពីផ្កាយរណប នៅមានតំបន់ភ្លើងឆេះព្រៃ (Hotspot) ចំនួន ១០៩ទីតាំងទៀត នៅលើកោះស៊ូម៉ាត្រា។ គួរបញ្ជាក់ថា ក្រៅពីសិង្ហបុរី ផ្សែងអ័ព្វនេះ ក៏បានប៉ះពាល់ដល់ម៉ាឡេស៊ី និងថៃផងដែរ ដែលឈានដល់ការបិទសាលារៀន រាប់រយកន្លែង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ