“ស្រាស” បង្កគ្រោះថ្នាក់ រហូតក្រសួងសុខាភិបាលវៀតណាម ព្រមាន
- September 19, 2019
ដោយសារការផ្សព្វផ្សាយលក់ស្រាសតាមអនឡាញ បន្ដកើនឡើងខ្លាំង ថ្មីៗនេះ ក្រសួងសុខាភិបាលវៀតណាម បានរៀបចំសេចក្តីព្រាងច្បាប់ ព្រមានពីគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ ដោយសារការផឹកស្រាស។
ក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ តម្រូវឲ្យរាល់ការផ្សព្វផ្សាយពីស្រាស ត្រូវព្រមានពីឲ្យបានតឹងរឹងពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយក្មេងអាយុក្រោម ១៨ឆ្នាំ មិនអនុញ្ញាតឲ្យផឹកស្រាសនោះទេ។ ការផឹកស្រាស អាចបណ្ដាលឲ្យក្រិនថ្លើម និងកើតមហារីក ហើយស្ត្រីពពោះ មិនគួរផឹកស្រាសទេ ព្រោះវាបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ ក្រៅពីគ្រោះថ្នាក់ចំពោះសុខភាព ការផឹកគ្រឿងស្រវឹង ជាមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ ៤០% នៃគ្រោះថ្នាក់ចរាចរណ៍សរុប។
សេចក្តីព្រាងច្បាប់ថ្មីនេះ ចេញផ្សាយកាលពីសប្ដាហ៍មុន ដោយបញ្ជាក់ថា ក្រុមហ៊ុន និងបុគ្គល ដែលលក់គ្រឿងស្រវឹងតាមអនឡាញ ត្រូវបង្ការក្មេងអាយុក្រោម ១៨ឆ្នាំ មិនឲ្យទទួលព័ត៌មានផលិតផលគ្រឿងស្រវឹង។ អ្នកទិញ ត្រូវបង្ហាញឈ្មោះ អាយុ អាសយដ្ឋាន និងអត្តសញ្ញាណបណ្ណ មុនទទួលបានការទិញគ្រឿងស្រវឹងតាមអនឡាញ។
ប្រទេសវៀតណាម បានចំណាយជាមធ្យម ប្រមាណ ៣.៤ពាន់លានដុល្លារ/ឆ្នាំ លើការផឹកគ្រឿងស្រវឹង។ បើតាមក្រសួងសុខាភិបាល នៅឆ្នាំ២០១៧ ពលរដ្ឋវៀតណាម ផឹកស្រាស អស់ប្រមាណ ៣០៥លានលីត្រ និងស្រាបៀរ ប្រមាណ ៤,១ពាន់លានលីត្រ។ គួរបញ្ជាក់ថា វៀតណាម ជាទីផ្សារគ្រឿងស្រវឹងធំបំផុត ក្នុងតំបន់អាស៊ាន និងជាទីផ្សារគ្រឿងស្រវឹងធំលំដាប់ទី៣ នៅតំបន់អាស៊ី បន្ទាប់ជប៉ុន និងចិន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: