ជនជាតិវៀតណាមរាប់រយនាក់នាំគ្នាហោះទៅសាំហ្គាពួ ហើយតម្រង់ជួរ ៣០ម៉ោងដេកចាំទិញ iPhone 11 (មានវីដេអូ)
- September 20, 2019
មនុស្សប្រហែល ៥០០នាក់ ដែលភាគច្រើនជាជនជាតិវៀតណាមបានឈរតម្រង់ជួរគ្នារយៈពេលប្រមាណ ៣០ម៉ោង នៅសិង្ហបុរី ដើម្បីទិញទូរស័ព្ទ iPhone 11 នៅថ្ងៃចេញលក់ជាផ្លូវការ។ ពួកគេបានចាប់ផ្តើមតម្រង់ជួរនៅខាងក្រៅ Apple Store នៅផ្លូវ Orchard Road តាំងតែពីថ្ងៃពុធ ដើម្បីបានចាប់កាន់ iPhone 11 ទាំង ៣ម៉ូដែល និងនាឡិកា Apple Watch ស៊េរីថ្មី។ ជនជាតិវៀតណាមម្នាក់ដែលបានចូលរួមអង្គុយចាំទិញ iPhone បាននិយាយថា ឆ្នាំនេះមានមនុស្សច្រើនគួរសមចាំទិញ ហើយពួកគេភាគច្រើននឹងមានអីវ៉ាន់ត្រឡប់ទៅប្រទេសវៀតណាមវិញនៅពេលពួកគេទិញរួច។

ប៉ុន្តែឆ្នាំនេះអតិថិជនសុភាពជាងឆ្នាំមុនៗ ដោយពួកគេមិនមានការជំរុញ និងរុលចូលទៅមុខដូចឆ្នាំមុនៗទេ។ គ្រប់គ្នាគឺនៅក្នុងជួរ និងទទួលបានខ្សែដៃដែលមានលេខរៀងជាសម្គាល់ ហើយអាចចាកចេញពីជួរបានយ៉ាងយូរ ៦០នាទី។ ដោយសារតែ iPhone 11 មិនទាន់មានលក់នៅប្រទេសវៀតណាម ហើយបើទោះជាមានលក់ក៏ថ្លៃខ្លាំងដែរ ដូច្នេះមានការប៉ាន់ស្មានថា ៩ ក្នុងចំណោម ១០នាក់ ដែលចាំទិញ iPhone ជាជនជាតិវៀតណាម។ ក្នុងមនុស្សម្នាក់ត្រូវបានអនុញ្ញាតិឱ្យទិញ iPhone បាន ២ ហើយដូច្នេះអ្នកទិញច្រើនតែទិញជាក្រុម ដើម្បីទិញឱ្យបានច្រើន៕


អត្ថបទ៖ លីដា
- Share This Post:






