ឧស្សាហកម្មបច្ចេកវិទ្យាទើបតែកំណត់និយមន័យ សម្រាប់ទូរទស្សន៍កម្រិត 8K
- BY
- autoadmin
- September 23, 2019
ឧស្សាហកម្មបច្ចេកវិទ្យាទើបតែឈានជើងមួយជំហានទៀត ដើម្បីបង្ហាញស្ដង់ដារលក្ខណៈពិសេសរបស់ទូរទស្សន៍ 8K ។ សមាគមបច្ចេកវិទ្យាអ្នកប្រើប្រាស់ (Consumer Technology Association) បានបង្ហាញនិយមន័យជាផ្លូវការសម្រាប់កម្រិតបង្ហាញរូបភាព 8K រួមទាំងឡូហ្គោថ្មីមួយ ដើម្បីអាចឱ្យក្រុមហ៊ុនផលិតទូរទស្សន៍អាចប្រើប្រាស់ឡូហ្គោស្ដង់ដារនេះបាន។ ម៉ូដែលណាក៏ដោយត្រូវតែផលិតទូរទស្សន៍ក្នុងកម្រិតអប្បបរមា 7,680 x 4,320 ដែលគាំទ្រ 24, 30 និង 60ហ្វ្រេម/វិនាទី អាចផលិតពណ៌ 10ប៊ីត គាំទ្រមុខងារ HDR សំខាន់ៗ និងប្រើមុខងារការពារមាតិកាកម្រិត HDCP 2.2 ។

ឧបករណ៍ទាំងនោះអាចចាប់ផ្តើមប្រើឡូហ្គូស្តង់ដារចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។ ការកំណត់និយមន័យនេះវាគ្មានអ្វីធំដុំប៉ុន្មានទេ ក៏ព្រោះតែការពិតទៅទូរទស្សន៍កម្រិត 8K ដែលចេញលក់បច្ចុប្បន្នថ្មីៗនេះ បានបំពេញតាមនិយមន័យនេះរួចទៅហើយ ប៉ុន្តែវាគឺដើម្បីកំណត់កម្រិតបង្ហាញជាផ្លូវការ និងការរំពឹងទុកជាមូលដ្ឋាន សម្រាប់អ្វីដែលទូរទស្សន៍ 8K អាចធ្វើបាន។ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភថា អេក្រង់ទូរទស្សន៍នឹងខ្វះលក្ខណៈពិសេសសំខាន់ណាមួយ ហើយអ្នកអាចឃើញម៉ាកយីហោកាន់តែច្រើនចង់ផលិតទូរទស្សន៍ 8K ច្រើនជាងអ្វីដែលពួកគេមាននៅក្នុងឆ្នាំ២០១៩៕


អត្ថបទ៖ លីដា
- Share This Post:






