បច្ចេកវិទ្យា

អាមេរិកដាក់ក្រុមហ៊ុនផលិតឧបករណ៍ឃ្លាំមើល និង AI របស់ចិនចូលក្នុងបញ្ជីខ្មៅ ដោយចោទថាជាការរំលោភសិទ្ធិមនុស្ស

BY
autoadmin
October 8, 2019

សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន ៨ ទៅក្នុងបញ្ជីខ្មៅនៃការធ្វើពាណិជ្ជកម្មរបស់ខ្លួន ដោយរារាំងក្រុមហ៊ុនផលិតឧបករណ៍ឃ្លាំមើលទាំងនោះមិនឱ្យធ្វើការជាមួយក្រុមហ៊ុនអាមេរិកនោះទេ។

នៅក្នុងឯកសារមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា ខ្លួនកំពុងបន្ថែមអង្គភាពចំនួន ២៨ នៅក្នុងបញ្ជីដែលមាន “ជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានក្នុងការអនុវត្តយុទ្ធនាការបង្ក្រាបរបស់ចិន ការឃុំខ្លួនតាមអំពើចិត្ត និងការតាមដានបច្ចេកវិទ្យាខ្ពស់ប្រឆាំងនឹងជនជាតិអ៊ូហ្គួរ, កាហ្សាក់ និងសមាជិកដទៃទៀតនៃក្រុមជនជាតិភាគតិចមូស្លីម” នៅក្នុងតំបន់ស៊ីនជៀនរបស់ប្រទេសចិន។ អង្គភាពដែលបានចុះបញ្ជីរួមមានការិយាល័យសន្តិសុខរដ្ឋរបស់ចិន ក៏ដូចជាក្រុមហ៊ុនចំនួន ៨ ផងដែរ។

ក្រុមហ៊ុនទាំងនោះរួមមាន Hikvision និង Dahua Technology ដែលជាអ្នកផ្គត់ផ្គង់អន្ដរជាតិដ៏ធំបំផុតនៃផលិតផលកាមេរ៉ាឃ្លាំមើល។ នៅក្នុងបញ្ជីនេះក៏មាន SenseTime ដែលជាក្រុមហ៊ុន AI របស់ចិន និងជាក្រុមហ៊ុនតាមដានសំឡេង iFlytek ។ ការដាក់ឯកសារនេះមិនបានបញ្ជាក់លម្អិតពីការចោទប្រកាន់នោះទេ តែពួកគេនិយាយថា “វាជាសកម្មភាពផ្ទុយនឹងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក” ហើយប្រទេសចិនត្រូវបានគេដឹងថា បានបង្កើតឧបករណ៍ស៊ើបការណ៍បច្ចេកវិទ្យាជាន់ខ្ពស់ ដើម្បីតាមដាន និងដាក់គុកក្រុមជនជាតិភាគតិចនៅស៊ីនជៀន។

សកម្មភាពនេះគឺជាការបង្ក្រាបគោលនយោបាយចុងក្រោយរបស់សហរដ្ឋអាមេរិកទៅលើអាជីវកម្មចិន។ អ្វីដែលលេចធ្លោជាងគេនោះគឺសហរដ្ឋអាមេរិកបានចុះក្នុងបញ្ជីខ្មៅក្រុមហ៊ុន Huawei ជុំវិញបញ្ហាសន្តិសុខកាលពីដើមឆ្នាំនេះ ដែលជាការសម្រេចចិត្តមួយដែលក្រុមហ៊ុន Huawei បានបដិសេធ។ ទន្ទឹមនឹងនេះសហរដ្ឋអាមេរិកកំពុងបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ខណៈពេលដែលលោកប្រធានាធិបតី ត្រាំ បានស្នើថាឋានៈរបស់ក្រុមហ៊ុន Huawei អាចត្រូវបានពិចារណានៅក្នុងការពិភាក្សា៕

អត្ថបទ៖ លីដា

Share This Post: