បច្ចេកវិទ្យា

HTC ត្រៀមខ្លួនចូលទីផ្សារស្មាតហ្វូនវិញ បន្ទាប់ពីបាត់កេរ្តិ៍ឈ្មោះជិត៩ឆ្នាំ

BY
Khmernote Media
October 10, 2019

មកដល់ពេលនេះគ្រប់គ្នាបានមើលឃើញទាំងអស់គ្នាហើយថា ក្រុមហ៊ុនផលិតទូរស័ព្ទ HTC គឺលែងមានឈ្មោះនៅក្នុងចំណោមកំពូលក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន ដែលល្បីលើលោកដូចកាលពីមុនទៀតហើយ ប៉ុន្តែការអះអាងរបស់ The Phonearena បានឲ្យដឹងថា ក្រុមហ៊ុនតៃវ៉ាន់មួយនេះនឹងអាចមានផែនការត្រឡប់មកវិញក្នុងពេលខាងមុខនេះហើយ។

តាមរយៈការបង្ហាញខ្លួនចុងក្រោយបង្អស់របស់ខ្លួនកាលពីឆ្នាំ២០១១ ក្នុងនាមជាអ្នកផលិតទូរស័ព្ទស្មាតហ្វូនខ្លាំងមួយដែរ HTC គ្រានោះអាចលក់ទូរស័ព្ទរបស់ខ្លួនបានទៅដល់១០ភាគរយនៃចំណែកទីផ្សារពិភពលោក ប៉ុន្តែចាប់តាំងពីពេលនោះមកពោលគឺជិត៩ឆ្នាំទៅហើយ ដែលតួលេខលក់របស់ HTC មិនមាននៅក្នុងតារាងចំណែកទីផ្សារពិភពលោកទៀតឡើយ។

តាមតែតាមការអះអាងរបស់ប្រភពព័ត៌មានដដែលបានសរសេរទៀតថា អ្វីដែលនឹងអាចឲ្យ HTC ត្រឡប់កេរ្តិ៍ឈ្មោះរបស់ខ្លួនមកបានវិញក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ គឺការផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាលើមុខងារ VR ដ៏ទំនើបរបស់ខ្លួន។

ជាក់ស្តែងប្រធានប្រតិបត្តិថ្មី ដែលទើបតែតែងតាំងគឺលោក Yves Maritres ដែលជាអតីតប្រធានប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Orange បានថ្លែងនៅក្នុងកម្មវិធីបច្ចេកវិទ្យាដ៏ល្បី TechCrunch ថា ថ្វីត្បិតតែការត្រឡប់មកវិញ HTC នឹងមិនមានបច្ចេកវិទ្យាអេក្រង់ទឹកធ្លាក់ដូចគេមែន ប៉ុន្តែមូលហេតុគឺដោយសារតែក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍបានផ្តោតពេលវេលាទាំងអស់របស់ខ្លួនទៅលើបច្ចេកវិទ្យា VR ជំនួសវិញ៕

អត្ថបទ៖ Lee

Share This Post: