មេធំ Huawei និយាយថា HarmonyOS ត្រូវការពេលតែ ២ឆ្នាំ ប៉ុណ្ណោះ ដើម្បីមកប្រកួតជាមួយ iOS
- BY
- autoadmin
- October 14, 2019
ប្រព័ន្ធប្រតិបត្តិការ HarmonyOS ដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ ប្រហែលជាមិនទាន់ត្រៀមរួចរាល់សម្រាប់ស្មាតហ្វូននៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Huawei មានផែនការធំសម្រាប់វា។ នៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Fortune Magazine កាលពីសប្តាហ៍មុន លោក Ren Zhengfei ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានអះអាងថា សូហ្វវែរនេះអាចនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple ក្នុងរយៈពេលតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ។ គាត់ក៏បាននិយាយផងដែរថា ការកំណត់ពេលវេលាគឺស្ថិតនៅលើផ្នែកអភិរក្ស ហើយវាអាចនឹងចំណាយពេលតិចជាងនេះ។

យោងតាមប្រតិចារិកភាសាអង់គ្លេសនៃបទសម្ភាសន៍ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន China Daily លោក Zhengfei បាននិយាយថា៖ “ខ្ញុំគិតថាវានឹងចំណាយពេលតិចជាង ២ ទៅ ៣ ឆ្នាំ។ ដោយសារខ្ញុំជាផ្នែកមួយនៃភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន ខ្ញុំចាំបាច់ត្រូវស្វះស្វែងបន្តិចនៅពេលពិភាក្សាអំពីពេលវេលា។ បើមិនដូច្នោះទេខ្ញុំអាចនឹងដាក់សម្ពាធខ្លាំងពេកទៅលើបុគ្គលិករបស់យើង…ប៉ុន្តែតាមពិតខ្ញុំមិនគិតថា ពួកគេត្រូវការរយៈពេល ២ ទៅ ៣ ឆ្នាំពេញទេ” គាត់ចង់មានន័យថា វាអាចឆាប់ជាងនេះ។
HarmonyOS ត្រូវបានគេស្គាល់ថា ជា HongMeng ក្នុងភាសាចិន ហើយត្រូវបានក្រុមហ៊ុន Huawei ប្រកាសបង្ហាញនៅថ្ងៃដំបូងនៃសន្និសីទប្រចាំឆ្នាំរបស់ខ្លួន នៅឯទីក្រុង Dongguan កាលពីខែសីហា។ ខណៈពេលដែលវាត្រូវបានរចនាឡើងជាចម្បងសម្រាប់ឧបករណ៍ IoT ដូចជាអេក្រង់ឆ្លាតវៃ, ទូរទស្សន៍, ឧបករណ៍ពាក់បាន, ឧបករណ៍បំពងសំឡេងឆ្លាតវៃ និងឧបករណ៍មានចលនាផ្សេងៗ HarmonyOS ក៏ត្រូវបានគេរំពឹងថា នឹងអាចដើរលើស្មាតហ្វូននាពេលអនាគតផងដែរ ទោះបីជាក្រុមហ៊ុនមិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីរឿងនោះជាផ្លូវការក៏ដោយ៕


អត្ថបទ៖ លីដា
- Share This Post:






