វៀតណាមជះលុយជាង ១៨០លានដុល្លារ ឱ្យជប៉ុនធ្វើផ្កាយរណបឱ្យខ្លួន ដើម្បីជួយព្យាករណ៍អាកាសធាតុ និងស្ទង់មើលលទ្ធផលខូចខាត
- BY
- autoadmin
- October 21, 2019
តាមប្រភព Nikkei បានរាយការណ៍ថា ក្រុមហ៊ុនជប៉ុន NEC និង Sumitomo Corp បានយល់ព្រមកាលពីថ្ងៃសុក្រ លើកិច្ចសន្យាដើម្បីអភិវឌ្ឍផ្កាយរណបមួយសម្រាប់រដ្ឋាភិបាលវៀតណាម ដែលនឹងជួយព្យាករណ៍អាកាសធាតុធំៗ និងអង្កេតលើលទ្ធផលខូចខាត។ នេះជាលើកទីមួយដែលក្រុមបច្ចេកវិទ្យា NEC នឹងនាំចេញផ្កាយរណបទៅក្រៅប្រទេស (វៀតណាម) ។ ហិរញ្ញប្បទានភាគច្រើនសម្រាប់គម្រោង និងការបញ្ជាទិញផ្កាយរណបត្រូវបានប៉ាន់ប្រមាណថា មានតម្លៃជាង ២០ពាន់លានយ៉េន (១៨៤លានដុល្លារអាមេរិក) ដែលនឹងត្រូវបានគ្របដណ្តប់ដោយប្រាក់កម្ចីយ៉េនគាំទ្រដោយរដ្ឋ ដែលផ្តល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ គម្រោងនេះក៏អាចចាត់ទុកថា ជាចំណងដៃគូថ្មីសម្រាប់ជប៉ុន-វៀតណាមផងដែរ។

សារព័ត៌មាន Nikkei បន្ថែមថា រដ្ឋាភិបាលវៀតណាមគ្រោងនឹងបាញ់បង្ហោះផ្កាយរណបសង្កេតមើលផែនដីឱ្យបានឆាប់បំផុតនៅ ឆ្នាំ២០២៣ ដោយសារវៀតណាមក៏ទទួលរងការវាយប្រហារពីទឹកជំនន់ និងព្យុះទីហ្វុងជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ NEC បង្កើតផ្កាយរណប LotuSat-1 ដែលមានទម្ងន់ប្រហែល ៥០០គីឡូក្រាម។ វាមានប្រព័ន្ធត្រួតពិនិត្យ និងសមាសធាតុស្នូលផ្សេងទៀត ដែលអាចត្រូវបានផលិតដោយម៉ាស់។ LotuSat-1 តូចជាងផ្កាយរណបដទៃទៀត ដែលមានសមត្ថភាពប្រហាក់ប្រហែល និងមានតម្លៃធូរថ្លៃជាងដល់ទៅ១/៥។ ជាក់ស្តែងទីក្រុងហាណូយបានចុះកិច្ចព្រមព្រៀងដោយផ្អែកលើគុណសម្បត្តិទាំងនោះ៕


អត្ថបទ៖ លីដា
- Share This Post:






