ហ្វីលីពីន ខ្លាំងក្នុងការជួញដូរតម្រងនោម រហូតប្រកាសលក់ មានទាំងតម្លៃធំៗលើអនឡាញ
ហ្វីលីពីន ដែលនៅក្នុងប្លុកអាស៊ានជាមួយយើង ជាប្រទេសល្បីមួយ លើពិភពលោក ក្នុងទីផ្សារងងឹត ចំពោះការទិញលក់ អវៈយវៈ ឬសរីរាង្គមនុស្ស ជាមួយឥណ្ឌា ប៉ាគីស្ថាន ចិន អេហ្ស៊ីប និងកូឡុំប៊ី រហូតប្រកាសលក់អនឡាញទៀត។
ពាក់ព័ន្ធបញ្ហានេះ កាសែត Channel News Asia ចុងសប្ដាហ៍មុន ចេញផ្សាយអត្ថបទស៊ើបអង្កេត២ ករណី ស្ដីពីការជួញដូរតម្រងនោម នៅហ្វីលីពីន ដែលមិនញញើតច្បាប់ រហូតប្រកាសលក់ជាសាធារណៈតាមអនឡាញ។
អ្នកជំងឺ ដែលឈានដល់ដំណាក់កាលផ្លាស់ប្ដូរតម្រងនោម បណ្ដាលមកពីការខូចតម្រងនោម (Kidney Failure) ហើយមូលហេតុនៅពីក្រោយជំងឺសាហាវនេះ គឺជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។ អ្នកជំងឺខូចតម្រងនោមជាអចិន្ត្រៃយ៍ ត្រូវរស់នៅជាមួយការលាងឈាមជាប្រចាំ។
នៅហ្វីលីពីន ការបរិច្ចាកសរីរាង្គ គឺស្របច្បាប់ បើសិនអ្នកបរិច្ចាក និងអ្នកទទួល ជាសាច់ញាតិនឹងគ្នា។ លក្ខខណ្ឌស្របច្បាប់មួយទៀត គឺចំណងផ្នែកអារម្មណ៍ (Emotional Bond) ដូចជា មិត្តប្រុស អាចបរិច្ចាកតម្រងនោម ឲ្យមិត្តស្រីបាន ឬអ្នករួមការងារជាមួយគ្នា រយៈពេលលើសពី ១០ឆ្នាំ ក៏អាចបរិច្ចាកតម្រងនោមឲ្យគ្នាបានដែរ។ ក្រៅពីនេះ វាជាការជួយញដូរតម្រងនោមដោយខុសច្បាប់។
ទោះយ៉ាងណា ការផ្លាស់ប្ដូរតម្រងនោម នៅតាមមន្ទីរពេទ្យហ្វីលីពីនខ្លះ ក្នុងនាមបរិច្ចាក បានក្លាយទៅជំនួញ ដែលធ្វើឡើងតាមរយៈទីផ្សារងងឹត។ តាម Channel News Asia ដែលផ្អែកលើគេហទំព័រផ្សព្វផ្សាយ តម្រងនោម ១ អាចមានតម្លៃរហូតដល់ ៩.៧០០ដុល្លារ អាស្រ័យតាមការចរចា។ ប៉ុន្ដែ តម្លៃជាធម្មតា ចន្លោះពី ៣.៩០០-៥.៨០០ដុល្លារប៉ុណ្ណោះ។
ចំណែកតម្លៃសេវាវះកាត់ផ្លាស់ប្ដូរតម្រងនោមវិញ គឺចន្លោះពី ១១.៦៥០-១៩.៤០០ដុល្លារ។ សម្រាប់អ្នកជំងឺ ដែលមានធនធាន ទំហំទឹកប្រាក់ប៉ុណ្ណឹង មិនមែនជាបញ្ហានោះទេ។ កង្វក់របស់ពួកគេ គឺការរងចាំការផ្លាស់ប្ដូរតម្រងនោមដោយស្របច្បាប់ និងការឈឺចាប់ ដែលត្រូវចំណាយពេលលាងឈាមពេញមួយជីវិត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ