បច្ចេកវិទ្យា

លោក Tim Cook ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាសេដ្ឋកិច្ចរបស់ប្រទេសចិន

BY
autoadmin
October 22, 2019

នាយកប្រតិបត្តិក្រុមហ៊ុនអេបផល (Apple) ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាសេដ្ឋកិច្ច និងគ្រប់គ្រង នៃសាកលវិទ្យាល័យស៊ីងហួ (Tsinghua University School of Economics and Management) ហើយថ្មីៗនេះ លោកបានធ្វើជាម្ចាស់ផ្ទះនៃ “កិច្ចប្រជុំប្រចាំឆ្នាំលើកទី២០ នៃគណៈកម្មាធិការ” ផងដែរ។ សម្រាប់ព័ត៌មាននៃការតែងតាំងរបស់គាត់ ត្រូវបានចែករំលែកនៅក្នុងការសរុបសេចក្តីនៃកិច្ចប្រជុំនោះផ្ទាល់តែម្ដង ដោយគាត់នឹងកាន់តំណែងនេះរយៈពេល ៣ឆ្នាំ។

លោក Tim Cook បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ចាប់តាំងពីខែតុលា ឆ្នាំ២០១៣ ហើយពេលនេះគឺគាត់បានក្លាយជាប្រធានក្រុមប្រឹក្សា។

Tsinghua SEM ត្រូវបានគេចាត់ទុកថា ជាសាលាកំពូលមួយនៅក្នុងប្រទេសចិន ហើយសមាជិកក្រុមប្រឹក្សាប្រឹក្សាផ្សេងទៀតរួមមាន៖ អគ្គនាយកក្រុមហ៊ុន General Motors លោកស្រី Mary Barra, នាយកប្រតិបត្តិក្រុមហ៊ុន Dell លោក Michael Dell, នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase លោក Jamie Dimon, នាយកប្រតិបត្តិ Foxconn លោក Terry Gou, នាយកប្រតិបត្តិ Pepsi លោក Ramon Laguarta, ប្រធានប្រតិបត្តិ Alibaba លោក Jack Ma, នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg និងច្រើនទៀត៕

អត្ថបទ៖ លីដា

Share This Post: